Hacker ខ្មែរ ដែលចាប់ខ្លួនបាន ត្រូវបាន បង្គាប់ឲ្យបម្រើការងារ ក្នុងស្ថាប័នរដ្ឋ!

 
 

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ម្សិលមិញនេះ តុលាការបានសម្រេចភ្ជួរទោស Hacker ពីរនាក់ ដែលប៉ុងប៉ងផ្តួលរលំ រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការលួចចូល គេហទំព័រផ្សេងៗជាច្រើន ដើម្បីទម្លាយ ឯកសារសម្ងាត់ ប៉ុន្តែពេលនេះ ពួកគេ ត្រូវបានបង្គាប់ ចូលបម្រើការងារ ក្នុងក្រសួងមហាផ្ទៃ។

បើតាមសម្តីមេធាវីការពារក្តី របស់ពួកគេទាំងពីរ លោក Dim Chaoseng បានឲ្យដឹងថា មុនដំបូង សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោស ដាក់ពន្ធនាគារ Hacker ទាំងពីរនាក់នេះ ចំនួនពីរឆ្នាំ ក្នុងម្នាក់ៗ ប៉ុន្តែព្រះរាជអាជ្ញា រស់ ពិសិដ្ឋ បានប្រកាសភ្ជួរទោស និង បានបង្គាប់ឲ្យ Hacker ទាំងពីរ ត្រូវចូលបម្រើការងារ នៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋាន សុវត្ថិភាពផ្ទៃក្នុង។

លោកបានបន្តទៀតថា៖ «ពួកគេទាំងពីរនាក់ មិនមានជំនាញអ្វី ក្រៅពីជំនាញកំព្យូទ័រនោះទេ បើផ្តន្ទាទោស ដាក់ពន្ធនាគារនោះ ពួកគេទាំងពីរ នឹងបន្ត ប្រឆាំងរាជរដ្ឋាភិបាលបន្តទៀត នៅពេលដែលដោះលែង ទៅវិញនោះ»។

ចំណែក ឧត្តមសេនីយ៍ទោ ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋាន សុវត្ថិភាពផ្ទៃក្នុង គិតថា នេះជាការសម្រេចចិត្តដ៏ល្អមួយ ដែលអាចឲ្យពួកគេ ប្រើប្រាស់សមត្ថភាព សម្រាប់បម្រើការងារជូនជាតិ និងមាតុប្រទេស។ ហើយពួកគេទាំងពីរ នឹងចូលរួមជាមួយនឹង ក្រុមរបស់លោក ក្នុងពេលឆាប់ៗ នេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក Mark Rasch អតីតប្រធាននាយកដ្ឋាន នៃអង្គភាពឧក្រិដ្ឋកម្មកំព្យូទ័រ របស់សហរដ្ឋអាមេរិក បានសម្តែងនូវ ក្តីបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសាលក្រមរបស់ព្រះរាជអាជ្ញា រស់ ពិសិដ្ឋ ដោយបាននិយាយថា៖ «វាជាគ្រោះថ្នាក់មួយ សម្រាប់រដ្ឋាភិបាល ព្រោះថា Hacker អាចសម្រេច គម្រោងការ របស់ខ្លួន ជាសម្ងាត់ បន្តទៅទៀត។ ចុះបើពួកគេត្រូវបញ្ជា ឲ្យ Hack ចូលប្រព័ន្ធផ្សេងៗ នៅកម្ពុជា ឬតំបន់ផ្សេងទៀត តើនរណាជាអ្នក ទទួលខុសត្រូវ?»។

គួររំលឹកផងដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ រួមសហការជាមួយនឹង ការិយាល័យ ស៊ើបអង្កេតសហព័ន្ធ សហរដ្ឋអាមេរិក អស់រយៈពេល ៨ខែ ទើបអាចកំណត់អត្តសញ្ញាណ និង ឈានដល់ ការចាប់ខ្លួន Hacker ទាំងពីររូបនេះ ដោយម្នាក់ឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ហៅ Sexmachine ឬ Blackcyber ភេទប្រុស អាយុ ២១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ជូ សុងហេង ហៅ Zoro ភេទប្រុស អាយុ ២១ឆ្នាំ ដោយពួកគេ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ SETEC។ ក្រោយការឃុំខ្លួន នៅគុកព្រៃ-ស គិតមកទល់ពេលនេះ មានរយៈពេល ៥ខែ មកហើយ បន្ទាប់ពីពួកគេ បានធ្វើការសកម្មភាព Hack យកទិន្នន័យ ពីគេហទំព័រ របស់រាជរដ្ឋាភិបាល និងស្ថាប័នឯកជន ចំនួនប្រមាណជា ៣០ រួចមក៕


                            [រូបភាពពី អគ្គស្នងការនគរបាលជាតិ]

ប្រភព៖ Cambodia Daily


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម