ប្រជាពលរដ្ឋ ចាប់បានជនសង្ស័យ ឆក់កាបូបម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច ទាំងព្រឹកព្រលឹម

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យ សកម្មខាងឆក់ម្នាក់ បានធ្វើសកម្មភាព ឆក់កាបូបពីរស្រ្តីម្នាក់ ខណៈជិះម៉ូតូ ជាមួយប្តីទៅទិញ បន្លែពីផ្សារដើមគរ យកទៅលក់នៅ ផ្សារទួលសង្កែ ដែលបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋដេញចាប់ បានទាំងព្រឹកព្រលឹម ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី ០១ តុលា ២០១៤ នៅចំណុចមុខ មន្ទីរព្យាបាល មាត់-ធ្មេញ នៅតាម ផ្លូវម៉ៅសេទុង កែងនិងផ្លូវ ១៣៨ ស្ថិតក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក ។

ស្រ្តីរងគ្រោះមានឈ្មោះ សំ ម៉ា អាយុ៣១ឆ្នាំ ហើយប្តីឈ្មោះ សេន សារ៉ន អាយុ៣៤ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធ រស់នៅក្នុង សង្កាត់បឹងសាឡាង ចំណែកជនសង្ស័យ ឈ្មោះ មាស សុធា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ ជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-5848 ឌុបគ្នាទៅទិញបន្លែ នៅផ្សារដើមគរ យកទៅលក់នៅ ផ្សារទួលសង្កែ ដោយធ្វើដំណើរ តាមផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅអត់មាន ស្លាកលេខ បានជិះមកក្បែរម៉ូតូ ពីរនាក់ប្តីប្រពន្ធនោះ រួចធ្វើសកម្មភាព ឆក់កាបូបពី ស្រ្តីជាប្រពន្ធ តែស្រ្តីរូបនោះ បានទាញកាបូបពី ជនសង្ស័យមកវិញ ធ្វើឱ្យដួលម៉ូតូ ហើយបុរសជាប្តី បានទៅដកសោ ម៉ូតូរបស់ ជនសង្ស័យទុក ពេលនោះជនសង្ស័យ បានរត់គេចខ្លួន ហើយក៏ត្រូវបាន ប្រជាពលរដ្ឋ ឃាត់ខ្លួនបាន ។ បន្ទាប់មកសមត្ថកិច្វ បានមកដល់ក៏បាន ឱ្យជនសង្ស័យ ឡើងជិះលើម៉ូតូ ទៅប៉ុស្តិ៍ប៉ូលិស ជាមួយដើម្បីសួរនាំ ហើយពេលដែល ទៅដល់មុខប៉ុស្តិ៍ នគរបាលរដ្ឋបាល ទឹកល្អក់២ ជនសង្ស័យបាន ខាំដៃសមត្ថកិច្ច មុតហូរឈាម រូចលោតចុះ ពីលើម៉ូតូ បំរុងរត់គេចខ្លួន តែសមត្ថកិច្ច ដេញចាប់មកវិញ បានដោយមានការ ប្រតាយប្រតប់គ្នាផងដែរ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ស្លាកលេខម៉ូតូ នគរបាល1-8080 ជាស្លាកលេខ ក្លែងក្លាយ ដែលជនសង្ស័យ រូបនេះលាក់ទុក ក្នុងអាវ និងស្លាកលេខម៉ូតូ បាត់ដំបង1H-8080 ដែនជនសង្ស័យ លាក់ទុកក្នុង កែបម៉ូតូ រួមជាមួយអាឌីមួយ ទូរស័ព្ទ៣គ្រឿង លុយមួយចំនួន ។ ពេលនេះសមត្ថកិច្ច កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាម និតិវិធីច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម