នាយ ក្រូច និង ស្រីអ៊ីត ជាប់​បម្រាម​ តា វ៉ិចទ័រ

 
 

ដោយ​សារ​ជាប់​បម្រាម​របស់​តា វ៉ិចទ័រ ធ្វើ​ឲ្យ​តារា​កំប្លែង​នាយ ក្រូច និង ​ប្អូន​ស្រី​មិន​អាច​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​បាន​នៅ​ឡើយ​ក្នុង​ដំណាក់កាល​នេះ ទោះ​បី​ជា​មាន​ការ​អញ្ជើញ​យ៉ាង​ណា​ក្ដី។

Ta-Victor3

 តាម​រយៈ​Sabay នៅ​ព្រឹក​មិញ ប្រធាន​គ្រប់គ្រង​ខាង​លើ​បាន​ប្រាប់​ថា ការ​សម្រេច​ចិត្ត​បែប​នេះ ដោយ​សារ​លោក​មាន​ផែនការ​ធំ​មួយ​សម្រាប់​ដើម​ឆ្នាំ​ ២០១៥​ ខាង​មុខ។ នោះ​ជា​យុទ្ធនាការ​ស្វែង​រក​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ម្ដង​ទៀត ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សមាជិក​ក្រុម​កំប្លែង​ទាំង​អស់ ចាត់​ទុក​ថា ជា​វិភាគទាន​ដើម្បី​ប្រយោជន៍​សង្គម និង​កុមារ​កម្ពុជា។

 ក្នុង​នាម​ជា​មេកោយ​ម្នាក់ តា​វ៉ិចទ័រ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន នៃ​សមាជិក​ក្រុម​របស់​ខ្លួន ព្រោះ​មិន​ងាយ​មាន​ឱកាស​ដូច្នេះ​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា បាន​ចេញ​មុខ​សុំ​ការ​យោគយល់​ពី​ភាគី​អ្នក​ឧបត្ថម្ភ​ក្នុង​ដំណើរ​សម្ដែង​នោះ​រួច​ហើយ ហើយ​ពូក​គេ​នៅ​តែ​បន្ត​ធានា​ឲ្យ​នាយ ក្រូច និង ​ប្អូន​ស្រី បាន​ទៅ​សម្ដែង​លើ​ទឹក​ដី​មហា​អំណាច​សេដ្ឋកិច្ច និង​ យោធា​ខាង​លើ​ម្ដង​ទៀត បន្ទាប់​ពី​បញ្ចប់​បេសកកម្ម។

 ម្យ៉ាង​ទៀត លោក សុវណ្ណរិទ្ធី បាន​ឲ្យ​ដឹង​ដែរ​ថា យុទ្ធនាការ​រៃ​អង្គាស​លើក​នេះ ធ្វើ​ឡើង​នៅ​​ក្រៅ​ប្រទេស​ដូច​គ្នា​ដែរ ស្រប​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស។ លោក​កំពុង​ទាក់ទង​ទៅ​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក និង​ អូស្ត្រាលី ដើម្បី​ស្វែង​រក​ការ​គាំទ្រ។ តាម​គម្រោង ក្រុម​កំប្លែង ​CTN នឹង​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ​ទៅ​សម្ដែង​រយៈ​ពេល​ ៤​ សប្ដាហ៍ ក្នុង​សុទិដ្ឋិនិយម​ថា អាច​នាំ​ថវិកា​ជា​ច្រើន​មក​កាន់​គន្ធបុប្ផា ដែល​កំពុង​ប្រកាស​រក​ជំនួយ​ជា​ប្រចាំ។

Kroch-&-Ka-it

 នាង អ៊ីត បាន​ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ដែរ​ថា នាង​មិន​មាន​ការ​អន់​ចិត្ត​អ្វី​ទេ ព្រោះ​គ្រប់​យ៉ាង​ស្ថិត​ក្រោម​ការ​ចាត់ចែង​ពី​ថ្នាក់​លើ។ ប៉ុន្តែ​នាង​បែរ​ជា​សប្បាយ​ចិត្ត​ទៅ​វិញ ព្រោះ​ជា​ដំណើរ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​ដូច​គ្នា ថែម​ទាំង​បាន​ជួយ​សង្គម​ទៀត​ផង។ ចំណែក​ការ​សម្ដែង​ជា​លក្ខណៈ​ឯកជន​របស់​ពូក​គេ​ទាំង​ពីរ​នាក់​បង​ប្អូន អាច​ពន្យារ​ទៅ​ពេល​ក្រោយ​ទៀត​ក៏​បាន។

 នេះ​ជា​លើក​ទី ២ ​ហើយ ដែល​លោក សុវណ្ណរិទ្ធី ដឹក​នាំ​ក្រុម​ការងារ “សំណើច​តាម​ភូមិ” ធ្វើ​យុទ្ធនាការ​សប្បុរសធម៌ ដើម្បី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ខណៈ​យុទ្ធនាការ​ដើម​ឆ្នាំ​២០១៤​ទទួល​បាន​ជោគជ័យ និង ​មាន​ថវិកា​ប្រមាណ​ ២៤ ​ម៉ឺន​ ដុល្លារ ​ប្រគល់​ដល់​ខាង​មន្ទីរ​ពេទ្យ។ ផលិតករ​កម្មវិធី​កម្សាន្ត​របស់​ CTN រំលឹក​ថា សមាជិក​ក្រុម​កំប្លែង​ទាំង​អស់​មាន​ការ​សប្បាយ​រីករាយ​គ្រប់​គ្នា ទោះ​បី​ជា​ត្រូវ​ចំណាយ​កម្លាំង​នៅ​ពេល​ថ្ងៃ​ដើម្បី​ដើរ​រៃអង្គាស​ថវិកា​លើ​ចម្ងាយ​ផ្លូវ​រាប់​គីឡូ​ម៉ែត្រ ហើយ​ត្រូវ​សម្ដែង​កម្មវិធី​នៅ​ពេល​យប់​យ៉ាង​ណា​ក្ដី៕

ប្រភព៖ sabay

 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម