ទៅវត្តហួសទៅ លេងទឹកជ្រោះ ត្រូវទឹកហូរ បុកធ្លាក់ស្លាប់ម្នាក់ បាត់ខ្លួនម្នាក់

 
 

ឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត និងនារីវ័យជំទង់ម្នាក់ទៀត កំពុងបាត់ខ្លួន ដោយ សារទឹកហូរបុកធ្លាក់ជ្រោះ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្បាលជ្រោះអូរស្វាយ ស្ថិតក្នុង ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

អធិការនគរបាល ស្រុកត្រពាំងប្រាសាទ លោកវរសេនីយ៍ត្រី ប៊ី ប៉េងងួន បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះថា កាលពីល្ងាចម្សិលមិញ ក្មេងៗមួយក្រុម បន្ទាប់ពីពួកគេនាំគ្នា ទៅកាន់បិណ្ឌនៅវត្តពពេល បាន នាំគ្នា ទៅលេងទឹកជ្រោះ។ ខណៈដែលពួក គេកំពុងលេងនោះ ស្រាប់ទឹកធ្លាក់ពីលើខ្លាំងបុកក្មេងៗ៤នាក់ ទម្លាក់ទៅក្នុងជ្រោះ តែក្មេងៗ ជំទង់២ នាក់ ត្រូវបានជួយសង្រ្គោះភ្លាមៗ  រីឯ២នាក់ទៀតធ្លាក់ ទៅក្នុងទឹកជ្រោះបាត់តែម្តង ។

បើតាមលោកវរសេនីយ៍ត្រី ប៊ី ប៉េងងួន រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា សពក្មេងប្រុសម្នាក់ ត្រូវបាន សមត្ថកិច្ចរកឃើញ និងប្រគល់ ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។

ក្មេងប្រុស ដែលស្លាប់បាត់ជីវិតនេះមានឈ្មោះ សាវ៉ាត អាយុ ៧ឆ្នាំ។ រីឯនារី ដែលកំពុងបាត់ខ្លួន មាន ឈ្មោះ ហឿ ចរិយា អាយុ ១៤ឆ្នាំ ។ ដោយឡែកជនរងគ្រោះ ដែលត្រូវបានសមត្ថកិច្ចជួយទាន់ពេល វេលានោះមានឈ្មោះហឿ សុយាត្រា ភេទស្រី អាយុ ២៤ឆ្នាំ របួសធ្ងន់ និងឈ្មោះ មួក សាវឿន ភេទ ប្រុស អាយុ ២៨ឆ្នាំរបួសស្រាល ។ រហូតដល់ល្ងាចថ្ងៃទី១៨ ខែកញ្ញា កម្លាំងសមត្ថកិច្ច កំពុងបន្តរុករក ជនរងគ្រោះឈ្មោះ ហឿ ចរិយា ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅកន្លែងកើតហេតុនោះ មិនទាន់អនុញ្ញាត ឲ្យប្រជាពលរដ្ឋ ណាទៅលេងកម្សាន្តនោះទេ ព្រោះមិនទាន់មានការរៀបចំឲ្យមានសុវត្ថិភាព។ ក្រោយកើតហេតុ កម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដាក់ស្លាកហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលទៅលេងកម្សាន្តនោះទេ៕



ប្រភព៖ khmerload.com.kh


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម