1 សង្ស័យ​មេរោគ​មរណៈ​អេបូឡា មក​ដល់​វៀតណាម

 
 

មន្ត្រី​សុខាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​ដាក់​មនុស្ស​បី​នាក់​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​នា​មន្ទីរពេទ្យ​ក្រុង​ហូជីមិញ ក្រោយ​ត្រលប់​មក​ពី​ប្រទេស​លីបេរីយ៉ា​ដោយ​មាន​អាការៈ​គ្រុន​ក្ដៅ​ក្នុង​ខ្លួន។

​​​​​វេជ្ជ​បណ្ឌិត Nguyen Van Vinh Chau ប្រធាន​ផ្នែក​ជំងឺ​តំបន់​ត្រូពិក​នៃ​មន្ទីរពេទ្យ​ក្រុង​​ហូជីមិញ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ពិត​ជា​មានការ​ដាក់​មនុស្ស​បី​នាក់​ឲ្យ​ព្យាបាល​ដាច់​ឆ្ងាយ​ពី​គេ​នៅ​មន្ទីរពេទ្យ​មែន។

អ្នក​ជំងឺ​ដែល​គេ​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​អេបូឡា​នេះ បាន​វិល​ត្រលប់​ពី​លីបេរីយ៉ា​ មក​ដល់​មាតុប្រទេស​វិញ​កាល​ពី​យប់​ថ្ងៃ​ពុធ​នៅ​ព្រលាន​យន្តហោះ Tan Son Nhat។ ឧបករណ៍​តាម​ដាន​សីតុណ្ហភាព​នៅ​ព្រលាន​នោះ បាន​សម្គាល់​ឃើញ​ថា​មានការ​ឡើង​កម្ដៅ​ខុស​ធម្មតា​ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ ហើយ​​ពួក​គេ​ក៏​ត្រូវ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរពេទ្យ។

រហូត​មក​ដល់​ពេល​នេះ​លោក Chau ​​​និយាយ​ថា អ្នក​ជំងឺ​បាន​ធូរ​ស្បើយ​បន្តិច​ហើយ។ ប្រសិនបើ​គ្រុន​ក្ដៅ​មិន​វិវឌ្ឍន​លើស​ពី​នេះ​ទេ អ្នក​ជំងឺ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​មុន​រសៀល​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​មន្ត្រី​សុខាភិបាល​ដដែល។

​​​​​​មេរោគ​អេបូឡា​កំពុង​មាន​ការ​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​អាហ្វ្រិក​ខាង​លិច ហើយ​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​មាន​បីគឺ ​ហ្គីណេ សេរ៉ាឡេអូន និង​លីបេរីយ៉ា។ ចំណែក​ឯ​នៅ​អាស៊ី​វិញ មិន​ទាន់​មាន​ប្រទេស​ណាមួយ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ​មរណៈ​នេះ​ទេ។ កាល​ពី​ថ្ងៃ​ទី ១០ កន្លង​ទៅ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​អ្នក​ស្លាប់​ដោយ​អេបូឡា​មាន​យ៉ាង​តិច ២២៩៦ នាក់​ហើយ៕

ប្រភព៖ Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម