មូលហេតុ​មួយ​ចំនួន ធ្វើ​ឲ្យ​តារា​ខ្មែរ ៥ រូប​ បួស​ជា​សង្ឃ

 
 

គិត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់ មាន​តារា​ខ្មែរ​ចំនួន ​៥ ​រូប ​ហើយ ដែល​បាន​សម្រេច​ចិត្ត​លាចាក​ភាព​ឡូយ​ឆាយ​ក្នុង​សង្គម​សិល្បៈ​ ជា​បណ្ដោះ​អាសន្ន ហើយ​ចូល​សាង​ផ្នួស​ជា​សង្ឃ ក្នុង​មូល​ហេតុ​ផ្សេង​គ្នា។ តើ​មូលហេតុ​ទាំង​នោះ​មាន​អ្វី​ខ្លះ?

១. ពិធី​ករ ដួង សុខគា បួស​ព្រោះ​ថែ​វប្បធម៌៖ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​កូន​ខ្មែរ ដែល​ត្រូវ​ថែ​វប្បធម៌​ ពិធី​ករ ដួង សុខគា បាន​សាង​ផ្នួស ​១ ​សប្ដាហ៍ កាល​ពី​ឆ្នាំ​មុន​ នៅ​ស្រុក​កំណើត​របស់​ខ្លួន ដោយ​មាន​ការ​ចូលរួម​ណែនាំ​ពី​សាស្ត្រាចារ្យ​ផ្នែក​វប្បធម៌​មួយ​ចំនួន​ផង​ដែរ។ ម្យ៉ាង​ទៀត ពិធី​ករ​រូប​នេះ​អះអាង​ថា ក៏​មាន​បំណង​ជម្រះ​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត និង​សង​គុណ​ឪពុក​ម្ដាយ​ផង​ដែរ ក្នុង​នាម​ជា​អ្នក​សិល្បៈ​បុរាណ​ម្នាក់។ ដួង សុខគា ធ្លាប់​បញ្ជាក់​ថា នឹង​សាង​ផ្នួស​រហូត នៅ​ពេល​មាន​វ័យ​ចំណាស់​បន្តិច ក្នុង​គោល​បំណង​អាច​សម្ដែង​ធម៌​ទេសនា អប់រំ​មនុស្ស​បាន​ច្រើន។

២. នាយ ទុយ សាង​ផ្នួស​ជួយ​ម្ដាយ៖ ជាង​ ១​ ឆ្នាំ​មុន ពិធី​ករ អ៊ឹង រដ្ឋា ហៅ​នាយ ទុយ ក៏​ធ្លាប់​ទៅ​សាង​ផ្នួស​ស្ងាត់ៗ​នៅ​វត្ត​ស្លែង  ខណៈ​ដែល​ស្ថានភាព​ជំងឺ​ម្ដាយ​កាន់​តែ​មាន​ភាព​យ៉ាប់យ៉ឺន។ នាយ ទុយ​សង្ឃឹម​ថា អានិសង្ស​កើត​ចេញ​ពី​ការ​សាង​ផ្នួស​នោះ អាច​ទ្រទ្រង់​ម្ដាយ​ឲ្យ​គេ​គេច​ចេញ​ពី​ការ​ឈឺ​ចាប់ បណ្ដាល​មក​ពី​ជំងឺ​ប្រចាំ​កាយ និង​ មាន​អាយុ​វែង។ ប៉ុន្តែ​ម្ដាយ​របស់​នាយ​បាន​លា​ចាក​លោក​នៅ​ថ្ងៃ​ទី ​២៥ ខែ ​ធ្នូ ឆ្នាំ​២០១៣​ កន្លង​ទៅ ដោយ​រាងកាយ​មិន​អាច​ទប់ទល់​ជាមួយ​ជំងឺ​តទៅ​ទៀត​បាន។

៣. ឌីជេ ឡាយអិន បួស​បាន​ ១ ​ថ្ងៃ​ ម្ដាយ​ស្លាប់​ចោល៖ មិន​ខុស​ពី​នាយ ទុយ ប៉ុន្មាន​ទេ ចុង​ឆ្នាំ​ ២០១៣ ឌីជេ ឡាយអិន បាន​សម្រេច​ចិត្ត​ចូល​សាង​ផ្នួស​នៅ​វត្ត​សារាវ័ន្ត រយៈ​ ៧ ​ថ្ងៃ ដើម្បី​ប្រមែប្រមូល​អានិសង្ស ដោយ​ជឿជាក់​ថា អាច​ធ្វើ​ឲ្យ​ម្ដាយ​របស់​គេ បាន​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៃ​ជំងឺ​មហារីក រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ។ អកុសល គ្រង​ស្បង់​ជា​សាមណេរ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់​តែ​ម្ដាយ​របស់​គេ​បាន​ទទួល​អនិច្ចកម្ម នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។ ឡាយអិន ប្រាប់​ថា ម្ដាយ​របស់​គេ​ស្ងប់​ចិត្ត ត្បិត​បាន​ស្លាប់​លើ​ដៃ​របស់​កូន ពេល​នៅ​ជា​សាមណេរ​មួយ​អង្គ។

៤. ខាត់ ចំរើន សាង​ផ្នួស​ព្រោះ​ឪពុកឈឺធ្ងន់៖ ក្រោយ​ពី​ស្ថានភាព​ជំងឺ​របស់​ឪពុក​ចាប់​ផ្ដើម​ធូរស្រាល​បន្តិច តារា​កំប្លែង ខាត់ ចំរើន រត់​​ទៅ​សាង​ផ្នួស​ជា​សង្ឃ​កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ ​កញ្ញា ឆ្នាំ​២០១៤ កន្លងទៅ នៅ​វត្ត​នន្ទមុន្នី ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ក្រោម​ការ​ជ្រោមជ្រែង​ពី​បង​ស្រី ខាត់ សុឃីម។ ចំរើន បាន​ប្រាប់​ថា ជាប់​ជំពាក់​ពាក្យ​សំដី​ជា​មួយ​ឪពុក​ថា ចូល​បួស​តាំង​ពី​ក្មេង​ឯ​ស្រុក​កំណើត តែ​ក៏​ត្រូវ​ពន្យារ​រហូត​មក​ដល់​បច្ចុប្បន្ន។ ចូល​ដល់​វ័យ​ជាង​ ៣០ ​ឆ្នាំ រូប​គេ​ក៏​សម្រេច​សុំ​ប្រពន្ធ​កូន​សាង​ផ្នួស ខណៈ​ដែល​សទ្ធា​កើត​មាន​ក្នុង​ចិត្ត និង ​ដើម្បី​សង​គុណ​ឪពុក​ម្ដាយ។

៥. គឹម សីហា ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍៖ កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​ កញ្ញា​ នេះ តារា​សម្ដែង​ជា​បុរស​សង្ហា គឹម សីហា សុខ​ចិត្ត​ចាក​ចេញ​ពី​សង្សារ​រយៈ​ពេល​កន្លះ​ខែ ដើម្បី​សាង​ផ្នួស​ជា​សង្ឃ​នៅ​វត្ត​បទុមវតី ក្នុង​រដូវ​កាន់​បិណ្ឌ និង​ ភ្ជុំបិណ្ឌ​នេះ ដោយ​អះអាង​ថា ជា​ការ​សងគុណ​ចំពោះ​អ្នក​មាន​គុណ​ទាំង​ទ្វេ។ ទោះ​បី​ជា​យ៉ាង​ណា មាន​ការ​លើក​ឡើង​ថា ប្រហែល​ជា​តារា​សម្ដែង​រូប​នេះ បួស​ដើម្បី​ជម្រះ​មន្ទិល​ចង្រៃ​ចេញ​ពី​ខ្លួន​ឲ្យ​អស់ ព្រោះ​ទើប​ត្រឡប់​មក​ពី​ព្យាបាល​នៅ​ប្រទេស​ថៃ ក្រោយ​ជួប​គ្រោះ​ថ្នាក់​នាំ​ឲ្យ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​កាល​ពី​ពេល​ថ្មី​នេះ៕

ប្រភព៖Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម