បទ​​សម្ភាសន៍​​ពិសេស​​ជុំ​​វិញ​​ការ​​សម្រុក​​ផលិត​ភាពយន្ត​​ដូច​​ភ្លៀង​​របស់​​ផលិតកម្ម Rock

 
 

គិត​ត្រឹម​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតកម្ម Rock បាន​សម្រុក​ផលិត​ភាពយន្ត​ក្នុង​ស្រុក​យ៉ាង​គំហុក គួរ​ឲ្យ​កត់​សម្គាល់ ទាំង​រឿង​ដុំ និង​ប្រភេទ​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍។ តើ​​អ្វី​នៅ​ពី​ក្រោយ​នេះ ហើយ​បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​ផលិត​ភាពយន្ត​បាន​ប៉ុន្មាន​ហើយ សូម​តាម​ដាន​បទ​សម្ភាសន៍​ពិសេស​របស់ Sabay ជាមួយ​លោក យឹម សុសត្យា ឬ​លី ម៉េង (ឈ្មោះ​ក្នុង​សិល្បៈ) ប្រធាន​គ្រប់​គ្រង​ការ​ផលិតកម្ម Rock និង​ជា​ជំនួយ​ការ​អគ្គនាយក​ផលិតកម្ម Rock នា​ពេល​នេះ៖

លោក យឹម សុសត្យា ឬ លីម៉េង

យឹម សុសត្យា៖ បាទ​ជម្រាប​សួរ និង​សូម​អរគុណ​ដល់ Sabay ដែល​បាន​មក​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ខ្ញុំ​នៅ​ពេល​នេះ។ អ៊ឺ…ខ្ញុំ​មិន​អាច​ជម្រាប​ឲ្យ​ច្បាស់​ទេ​ថា Rock បើក​នៅ​ឆ្នាំ​ណា ខែ​ណា ព្រោះ​ពេល​នោះ ខ្ញុំ​ក៏​ចូល​អត់​ទាន់​ដែរ ប៉ុន្តែ​អាច​ប្រាប់​បាន​ថា Rock បើក​តំណាល​គ្នា​នឹង CTN បើក​ដែរ។ ដំបូង​ឡើយ Rock ផលិត​ភាពយន្ត​ភាគ​ដាក់​បញ្ចាំង​នៅ CTN ក្រោយ​មក​ទៀត​នៅ​ឆ្នាំ ២០០៦ អ្នក​ឧកញ៉ា គិត ធាង បាន​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​ផលិត​បទ​ចម្រៀង​និពន្ធ​ថ្មី​ដោយ​ខ្លួន​ទៀត ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន នៅ​សល់​តែ​ការ​ផលិត​ភាពយន្ត​ប៉ុណ្ណោះ តែ​យើង​បាន​បន្ថែម​ការ​ផលិត​ភាពយន្ត​ដុំ​ថែម​ទៀត។

យឹម សុសត្យា៖ មិន​ខុស​ទេ យើង​ផលិត​ច្រើន​មែន ក្នុង​នោះ​មាន​ទាំង​ភាពយន្ត​ភាគ និង​ភាពយន្ត​ដុំ…តាម​គំនិត​របស់​អ្នក​ឧកញ៉ា គឺ​លោក​ចង់​ឲ្យ​ឱកាស​ដល់​កូន​ខ្មែរ​បាន​បញ្ចេញ​ស្នាដៃ ទី​២​ចង់​ពង្រីក​ទីផ្សារ​ភាពយន្ត​ក្នុង​ស្រុក និង​ចំរាញ់​រក​គុណភាព​ដើម្បី​ឈាន​ទៅ​ទីផ្សារ​អាស៊ាន​ពេល​ធ្វើ​សមាហរណកម្ម​ អាស៊ាន​ខាង​មុខ។ ក៏​ដូច​គ្នា​ដែរ គឺ​យើង​ចង់​រក​អ្នក​និពន្ធ​ល្អៗ​សម្រាប់​ការ​ផលិត​រឿង​មាន​គុណភាព និង​មួយ​ទៀត គឺ​អ្នក​ឧកញ៉ា ចង់​ឲ្យ​ភាពយន្ត​មាន​គ្រប់​រសជាតិ អីចឹង​ហើយ​ទើប​យើង​បាន​កៀរគរ​ក្រុម​អ្នក​ផលិត​ជា​ច្រើន​មក​ធ្វើ​ការ​ជាមួយ​ គ្នា។

យឹម សុសត្យា៖ ទី​១ គឺ​យើង​បង្កើន​ថវិកា​ផលិត ក្នុង​មួយ​ភាគ ឬ​មួយ​រឿងៗ ដើម្បី​យើង​ទាញ​យក​គុណភាព​ខ្ពស់ ក្រៅ​ពី​នេះ​ដែរ តាម​គំនិត​របស់​អ្នកឧកញ៉ាគឺ​លោក​ព្យាយាម​ឲ្យ​មាន​កិច្ច​សហការ​ជាមួយ​ទូរទស្សន៍​ក្រៅ​ស្រុក​មក​ចូលហ៊ុន ​ជាមួយ​យើង​ក្នុង​ការ​ផលិត​រឿង ដើម្បី​ពេល​ផលិត​បាន​ហើយ អាច​ចាក់​នៅ​ស្រុក​យើង​ផង និង​នៅ​ស្រុក​គេ​ផង។ ទី​២ គឺ​យើង​រក​អ្នកនិពន្ធ​ល្អ​ៗ យក​មក​និពន្ធ​ភាពយន្ត​មាន​គុណភាព​អាច​ទាក់​ទាញ​អ្នក​ទស្សនា ទាំង​នៅ​ស្រុក​យើង និង​នៅ​ស្រុក​គេ។ ចំពោះ​រឿង​ដុំ ដែល​យើង​ធ្វើ​ត្រៀម​សម្រាប់​ទីផ្សារ​អន្តរជាតិ​នោះ គឺ​ត្រូវ​ចំណាយ​ទុន​ចាប់​ពី​កន្លះ​លាន​ដុល្លារ​ឡើង​ទើប​អាច​ទៅ​រួច។ ដោយ​ឡែក​រឿង​ភាគ​វិញ ជាង ១០​ទៅ២០ម៉ឺន​ដុល្លារ​អីចឹង​ទៅ។

យឹម សុសត្យា៖ រឿង​ដែល​យើង​ធ្វើ​កន្លង​មក គឺ​អត់​បាន​សហការ​ជាមួយ​ក្រសួង​ទេ ប៉ុន្តែ​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​ដដែល​ព្រោះ​យើង​ឆ្លង​សេណារីយ៉ូ ឬ Script ទៅ​ក្រសួង​ដូច​គ្នា។ អ្វី​ដែល​យើង​អាច​និយាយ​ថា​ជា​កិច្ច​សហការ​នោះ គឺ​ពាក់ព័ន្ធ​នឹង​សម្ភារ រឿង​ខ្លះ​យើង​ខ្ចី ខ្លះ​ទៀត​យើង​ជួល​ពី​ស្ទូឌីយ៉ូ​របស់​ក្រសួង​នៅ​កំពង់ស្ពឺ​អីចឹង​ទៅ ប៉ុន្តែ​រឿង​ថវិកា​វិញ គឺ Rock ជា​អ្នក​ចំណាយ​ទាំង​អស់។

យឹម សុសត្យា៖ មាន​ច្រើន ហើយ​ក្នុង​នោះ​មាន​ពីរ ទី​១​គឺ​ក្រុម​ផលិត​របស់ Rock ផ្ទាល់ ដែល​មាន​ខ្ញុំ​ជា​អ្នក​និពន្ធ រួម​ជាមួយ​ក្រុម​ការងារ​ដឹក​នាំ​ថត​របស់​ខ្ញុំ។ ដោយ​ឡែក​ក្រុម​ផលិត​ខាង​ក្រៅ​ដែល Rock ចំណាយ​ថវិកា​ទាំង​ស្រុង​ឲ្យ​ផលិត​នោះ គឺ​មាន​ប្រមាណ​ជា​ជិត ១០​ក្រុម​ដែល​ចុះ​កុងត្រា​ផលិត​ឲ្យ​យើង និង​តាម​ទិសដៅ​ដែល Rock បាន​ដាក់​ទៅ​ឲ្យ។

យឹម សុសត្យា៖ បញ្ហា​ចម្បង​គឺ “គុណភាព” បើ​ទោះ​យើង​មិន​ដល់​កូរ៉េ មិន​ដល់​ថៃ​ក៏​ដោយ ប៉ុន្តែ​ហោច​ណាស់​ក៏​គួរ​បាន​៧០ ទៅ ៨០%ដែរ ក្នុង​នោះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន សាច់​រឿង​ត្រូវ​តែ ប្លែក ជួន​កាល​ដក​ស្រង់​រឿង​ពិត​ពី​សង្គម​បច្ចុប្បន្ន និង​មិន​ច្រំ​ដែល​ជា​ដើម។ ពួក​គាត់​នឹង​ត្រូវ​ជម្រុះ​ចោល ប្រសិន​បើ​គាត់​ធ្វើ​​មិន​សម្រេច​ដល់​គោលដៅ។ មក​ដល់​ឥឡូវ យើង​រក​ឃើញ​ថា ក្រុម​ខ្លះ​នឹង​ត្រូវ​ជម្រុះ​ហើយ តែ​សុំ​មិន​បញ្ចេញ​នា​ពេល​នេះ។

លោក យឹម សុសត្យា ពេល​កំពុង​ធ្វើ​ក្រុង​ពាលី​រឿង “កំហុស​អ្នក​ណា”

យឹម សុសត្យា៖ អ៊ឺ…គឺ​ប្រហែល​ជា​២០​រឿង ទាំង​ភាពយន្ត​ភាគ និង​ភាពយន្ត​ដុំ។ រឿង​ភាគ​មាន “រលក​បោក​ខ្សាច់” “ព្រហ្ម​លិខិត” “គំនុំ​អតីតជាតិ” “វេរា​ស្នេហ៍​ឆ្លង​ភព” “រនាត​ស្នេហ៍” “ស្នេហ៍​ពនេចរ” “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” និង “មាស​សុទ្ធ” ជា​ដើម។ ក្នុង​ចំណោម​នេះ មាន​ខ្លះ​បញ្ចាំង​ចប់​ហើយ ខ្លះ​កំពុង​ថត ខ្លះ​ត្រៀម​ថត និង​ខ្លះ​ទៀត​ថត​ចប់​ត្រៀម​ដាក់​បញ្ចាំង។ ដោយ​ឡែក​រឿង​ខ្នាត​ធំ​ដែល​បាន​បញ្ចាំង​រួច​មាន “ចាំ​តែ​ខ្លាច​តើ” “ពូជ​ខ្ញុំ​អីចឹង!” “អស់​ទាស់​ហ្មង​ទីតា” និង​រឿង “Why” ដែល​ទើប​ដាក់​បញ្ចាំង​ប៉ុន្មាន​ថ្ងៃ​មុន។ រឿង​កំពុង​ថត​មាន​រឿង “Before the Fall” ឬ “មុន​ការ​ដួល​រលំ”ដែល​ផ្ដោត​លើ​ទីផ្សារ​បរទេស និង​រឿង “ចេនាឡា២”។ រឿង​ដែល​ថត​ចប់​មាន​រឿង “ភ្លើង”។

យឹម សុសត្យា៖ មាន​ចំណុច​ពីរ​ដែល​ខ្ញុំ​ចង់​និយាយ ទី​១​ភាពយន្ត​ភាគ បន្ទាប់​ពី Rock ចាប់​ផ្តើម​ផលិត​ភាពយន្ត​ភាគ​ដាក់​លើ​ទូរទស្សន៍ ឃើញ​ថា ប្រជាពលរដ្ឋ​យើង​គាំទ្រ​ច្រើន ទន្ទឹម​នឹង​អ្នក​ផលិត​ក៏​ចេះ​តែ​បង្កើន​គុណភាព​ឡើង​ៗ​ទៅ​ដែរ។ ចំណែក​រឿង​ដុំ​វិញ ពួក​គាត់​រឹត​តែ​គាំទ្រ​ខ្លាំង​ទៀត ជាក់​ស្ដែង​ទន្ទឹម​រឿង “ស្បែក​គង់” កំពុង​មាន​អ្នក​គាំទ្រ​នោះ ពេល Rock ដាក់​រឿង “Why” ទៅ​ទៀត ក៏​ពួក​គាត់​នៅ​តែ​គាំទ្រ​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា ពលរដ្ឋ​យើង​គាំទ្រ​ភាព​យន្ត​ក្នុង​ស្រុក​ខ្លាំង​មែន​ទែន។

យឹម សុសត្យា៖ មាន​ច្រើន…ទី​១​ពាក់​ព័ន្ធ​គុណភាព ពួក​គាត់​ទៅ​មើល គឺ​ចង់​តាម​ដាន​ពី​គុណភាព ទី​២​ការ​រីក​ចម្រើន​នៃ​ជីវភាព​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ និង​ទី​៣​ការ​កើន​ឡើង​រោងភាពយន្ត​ទំនើប​ៗ ក៏​​ជា​មូលហេតុ​ដូច​គ្នា ខ្ញុំ​គិត​ថា​អីចឹង ព្រោះ​អ្នក​ខ្លះ គាត់​ក៏​ចង់​ទៅ​សាក​រោងភាពយន្ត​ទំនើប​ដែរ នេះ​និយាយ​ពី​រឿង​ដុំ។ តែ​បើ​និយាយ​ជា​រួម គឺ​គាត់​ចង់​លំហែ បន្ទាប់​ពី​នឿយហត់​នឹង​ការងារ​ពេញ​មួយ​ថ្ងៃ អីចឹង​ហើយ​បាន​រឿង​ប្រភេទ​បែប​កំប្លែង​មាន​ការ​គាំទ្រ​ច្រើន​នា​ពេល​ បច្ចុប្បន្ន។

យឹម សុ​សត្យា៖ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ពួក​គាត់​កន្លង​មក នឹង​ស្នើ​សុំ​បន្ត​ការ​គាំទ្រ​នេះ​បន្ត​ទៅ​ទៀត។ ពួក​គាត់​កាន់​តែ​គាំទ្រ ក្រុម​អ្នក​ផលិត​រឹត​តែ​មាន​កម្លាំង​ចិត្ត​ផលិត​រឿង​បាន​កាន់​តែ​ល្អ ដូច្នេះ​សូម​បន្ត​គាំទ្រ​ទាំង​អស់​គ្នា​បន្ត​ទៅ​ទៀត៕

ប្រភព៖ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម