ព័ត៌មាន​ថ្មី​ចុងក្រោយ​​លើ​ករណី​បាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី

 
 

ផ្អែក​តាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ជើង​ហោះហើរ​MH 370 ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ បាន​បញ្ចប់​ដំណើរ​របស់​វា​ជា​មួយ​អ្នក​ដំណើរ​២៣៩​នាក់​នៅ​​​​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា។ ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ខាងលើ​ធ្វើ​ឡើង​​ដោយ​​ផ្អែក​ទៅ​លើ​ទិន្នន័យ​ចុងក្រោយ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ផ្កាយរណប​មួយ​របស់​អង់គ្លេស​។ ជុំវិញ​ហេតុការណ៍​នេះ Sabay ​បាន​លើក​យក​ពី​ចំណុច​សំខាន់ៗ​​​​ជុំវិញ​​ករណី​នេះ​ដូច​តទៅ៖

តើ​ផ្កាយរណប​អង់គ្លេស​បាន​បង្ហាញ​ពី​លទ្ធផល​អ្វី​ខ្លះ?
​ផ្អែក​តាម​​ក្រុមហ៊ុន​ផ្កាយរណប​អង់គ្លេស Inmarsat បាន​​ឲ្យ​ដឹង​ថា ផ្កាយរណប​របស់​ខ្លួន​បាន​ចាប់​បាន​​ដាន​យន្តហោះ​ម៉ាឡេស៊ី​ប៊ូអ៊ីង ៧៧៧ បញ្ចប់​ដំណើរ​របស់​វា​​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​​​ ពោល​គឺ​នៅ​ចម្ងាយ​ប្រមាណ​ជាង​២.៤០០​គីឡូម៉ែត្រ​ភាគ​និរតី​ដែន​គោក​Pert​ របស់​អូស្ត្រាលី។ ផ្កាយរណប​នេះ​បាន​បញ្ជាក់​ថា យន្តហោះ​នេះ​បាន​ធ្លាក់​នៅ​​ចន្លោះ​ម៉ោង​៨:១០​នាទី និង ម៉ោង​៩:១៥​នាទី​ព្រឹក​ត្រូវ​នឹង​ម៉ោង​ក្នុង​ស្រុក​។ ​

យន្តហោះ​ម៉ាឡេស៊ី​​ប៊ូអ៊ីង ៧៧៧​ដែល​បាត់​ខ្លួន

តើ​ពេល​នេះ ទីតាំង​រុករក​យន្តហោះ​ម៉ាឡេស៊ី​ធ្វើ​ឡើង​នៅ​​កន្លែង​ណា?
ការ​រុករក​​តាម​ទិស​​ដៅ​ទៅ​ភាគ​ខាងជើង​​​ត្រូវ​បាន​លុប​ចោល។ ក្រុម​រុក​រក​បាន​បង្វែរ​ទិសដៅ​មក​ផ្ដុំ​គ្នា​នៅ​ទីតាំង​ដែល​សង្ស័យ​ថា យន្តហោះ​នេះ​ធ្លាក់​នៅ​​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ដែល​នៅ​ពេល​នេះ​ទីតាំង​រុករក​មាន​ទំហំ​រហូត​ដល់​ជាង​១,៦​លាន​គីឡូ​ម៉ែត្រការ៉េ ពោល​គឺ​មាន​ទំហំ​ប្រហែល​នឹង​រដ្ឋ​Alaska របស់​អាមេរិក។

ទោះបី​ជា​វត្ថុ​ឬ បំណែក​ជា​ច្រើន​ត្រូវ​បាន​​រក​ឃើញ​ជា​បន្តបន្ទាប់​​ដោយ​​​ផ្កាយរណប និង​ក្រុម​កងទ័ព​ជើងអាកាស​អូស្ត្រាលី​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​កប៉ាល់ និង​នាវា​​រុករក​ពិត​ជា​ពិបាក​ចូល​កៀកកើយ​វត្ថុ​ទាំង​នោះ​ណាស់​ ដើម្បី​កំណត់​​ថា តើ​វា​ជា​បំណែក​យន្តហោះ​នេះ​ឬ យ៉ាងណា? ទន្ទឹម​នឹង​នេះ​​ បញ្ហា​​​អាកាសធាតុ​សំបូរ​ទៅ​ដោយ​ភ្លៀង​ធ្លាក់ ​មាន​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​នេះ​​ បាន​ក្លាយ​ជា​ឧបសគ្គ​ធំ​មួយ​ទៀត​​​ដែល​ត្រូវ​បាន​ក្រុម​អ្នក​រុករក​​អូស្ត្រាលី​​ពន្យារពេល​កាល​ពី​ម្សិលមិញ។

ផែនទី​បង្ហាញ​ពី​ទីតាំង​ដែល​គេ​រក​ឃើញ​បំណែក​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា

តើ​ឧបករណ៍​អ្វី​ខ្លះ​ត្រូវ​បាន​ប្រើប្រាស់​រុករក​យន្តហោះ​នេះ​នៅ​​មហាសមុទ្រ​ឥណ្ឌា?
អាមេរិក​បាន​បញ្ជូន​រួចរាល់​ហើយ​នូវ​ឧបករណ៍​​ស្រាវជ្រាវ​បាតសមុទ្រ​​ដ៏​ទំនើប​​ចុងក្រោយ​របស់​ខ្លួន ដើម្បី​ជួយ​រុករក​យន្តហោះ​នេះ។ ឧបករណ៍​នេះ​​ត្រូវ​បាន​គេ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​​អូស​សណ្ដោង​ដោយ​នាវា ​ហើយ​វា​មាន​សមត្ថភាព​អាច​ស្រូប​យក​សញ្ញា​ផ្សេងៗ ដូច​ជា​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ក្នុង​ជម្រៅ​រហូត​ដល់​​ជាង​៦​គីឡូ​ម៉ែត្រ។ ​​​​​

ឧបករណ៍​ចាប់​សញ្ញា​ឬ សំឡេង ក្នុង​ទឹក​សមុទ្រ (Sonar)

ប្រទេស​អូស្ត្រាលី ចិន អាមេរិក ជប៉ុន និង​នូវែលហ្សេឡង់ ​កំពុង​សហការ​គ្នា​រុករក​យ៉ាង​សកម្ម​នៅ​​កន្លែង​សង្ស័យ​ខាងលើ។ តាម​អាជ្ញាធរ​ម៉ាឡេស៊ី​យន្តហោះ​ចំនួន​១៤គ្រឿង និង​នាវា​ចំនួន​៩ កំពុង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​រុករក​នៅ​​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​នេះ។

យន្តហោះ​ជប៉ុន​ចូលរួម​រុករក​យន្តហោះ​ខាងលើ

តើ​ជន​រងគ្រោះ​ទទួល​បាន​សំណង​ប៉ុន្មាន​​?

អ្នកច្បាប់​អន្តរជាតិ​បាន​​ពន្យល់​ថា ជនរងគ្រោះ​ចំនួន​២៣៩​នាក់​​នៅ​លើ​យន្តហោះ​នេះ​អាច​ទទួល​បាន​សំណង​គិត​ជា​ទឹកប្រាក់​ក្នុង​ម្នាក់ៗ​ចាប់​ពី​៤ សែន​ទៅ ១០​លាន​ដុល្លារ​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ថា ​ជន​រងគ្រោះ​​ម្នាក់ៗ​អាច​ទទួល​បាន​សំណង​៥.០០០​ដុល្លារ​ ហើយ​សំណង​បន្ថែម​​ទំនង​ត្រូវ​បាន​ក្រុម​ហ៊ុន​នេះ​​ផ្តល់​ឲ្យ​​នៅ​ពេល​ក្រោយ។

ប្រាក់​សំណង​របស់​ក្រុមហ៊ុន​​នេះ ត្រូវ​បាន​សាធារណជន​​រិះគន់​​ថា ពិត​ជា​ស្ដួចស្ដើង​បំផុត​​ ខណៈ​ដែល​ជា​ពិសេស​គ្រួសារ​ជនរងគ្រោះ​វិញ​បាន​បដិសេធន៍​ទទួល​យក​សំណង​នេះ ដែល​គេ​ជឿជាក់​ថា ពួកគេ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម