featured ខាត់ សុឃីម ខ្លាច​ការ​រិះគន់​ក្នុង​កម្មវិធី Cambodia’s Got Talent

 
 

ទន្ទឹម​នឹង​មោទនភាព ខាត់ សុឃីម ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន ដែល​ត្រូវ​ព្រួយ​បារម្ភ​ផង​ដែរ ក្រោយ​ពី​អ្នក​រៀបចំ​កម្មវិធី Cambodia’s Got Talent ជ្រើសរើស​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​រួម​ជាមួយ​តារា​ចម្រៀង ព្រាប សុវត្ថិ និង​ តារា​កំប្លែង​ នាយ កុយ។

“ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​​ជា​ច្រើន​កម្មវិធី​កន្លង​មក​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​មិន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​ដូច្នេះ​ទេ។ អញ្ចឹង​ហើយ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​ធ្វើ​ខុស​មាន​ការ​រិះគន់ ពី​ទស្សនិកជន រឿង​ហ្នឹង​គឺ​ពិបាក​ចិត្ត”។ អ្នក​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​រូប​នេះ​បន្ត​ថា បើ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​នោះ​មិន​ថ្វី​ទេ ប៉ុន្តែ​ខ្លាច​បំផុត​ការ​រិះគន់ ជា​លក្ខណៈ​បន្តុះបង្អាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត។

ទោះ​បី​ជា​យ៉ាង​ណា ខាត់ សុឃីម បាន​យក​បញ្ហា​នេះ​ទៅ​ប្រាប់​អ្នក​ជំនាញ​រៀបចំ​កម្មវិធី​នេះ តំណាង​មក​ពី​ប្រទេស​ជា​អ្នក​លក់​សិទ្ធ​នោះ​រួច​ហើយ ខណៈ​ពូក​គេ​ចុះ​មក​បង្រៀន​ភាគី​កម្ពុជា​ពី​ដំណើរ​ការ​កម្មវិធី​លំដាប់​ពិភព​លោក​ខាង​លើ ដែល​យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន ​៦ ​ហើយ នៃ​តំបន់​អាស៊ី បាន​ទទួល​សិទ្ធ​ផលិត និង ​បាន​ទទួល​ជោគជ័យ។

“គាត់​បាន​ប្រាប់​ខ្ញុំ​ថា កុំ​ភ័យ​ព្រោះ​តួនាទី​របស់​គណៈកម្មការ​គ្រាន់​តែ​ជា​អ្នក​ចែក​រំលែក​បទ​ពិសោធន៍​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សិល្បៈ​កន្លង​មក​ដល់​បេក្ខភាព​ប៉ុណ្ណោះ។ ព្រោះ​អ្នក​ដែល​ហ៊ាន​ដាក់​ពាក្យ​ចូលរួម​កម្មវិធី​នេះ ជា​មនុស្ស​អស្ចារ្យ មនុស្ស​ធម្មតា​ធ្វើ​អត់​បាន”។ ខាត់ សុឃីម បញ្ជាក់។

រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ទាំង​ ៣​ រួម​មាន​តារា​ចម្រៀង ព្រាប សុវត្ថិ និង​ តារា​កំប្លែង​នាយ កុយ សុទ្ធ​តែ​កំពុង​ត្រៀម​ខ្លួន​រួច​ហើយ និង​ប្រឹងប្រែង​ហ្វឹក​ហាត់​បណ្ដើរៗ មិន​ចាញ់​បេក្ខភាព​ត្រៀម​ប្រកួតប្រជែង​នោះ​ទេ។ ពូក​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា គោរព​​តាម​គោល​បំណង​របស់​កម្មវិធី​Cambodia’s Got Talent និង​ ត្រៀម​កាត់បន្ថយ​កំហុស​ឆ្គង​ផង​ដែរ។

លោក អ៊ិន ទីតូ អ្នក​គ្រប់គ្រង​កម្មវិធី​សិល្បៈ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ប្រាប់​ Sabay កន្លង​មក​ថា កម្មវិធី​ខាង​លើ​កំពុង​ដំណើរ​ការ​ប្រលង​ជម្រុះ​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ឡើយ និង​ត្រៀម​ដំណើរ​ការ​ជា​ផ្លូវ​ការ ដោយ​ផ្សាយ​តាម​រយៈ​កញ្ចក់ទូរទស្សន៍​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ជាមួយ​គ្នា​នោះ​ សមាសភាព​គណៈកម្មការ​ទាំង​អស់ បង្ហាញ​ជំហរ​រួម​គ្នា​ថា នឹង​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​​​កម្ពុជា​បន្ថែម​ទៀត តាម​រយៈ​បណ្ដាញ​សង្គម​នានា​មិន​ខាន​ឡើយ៕

ប្រភព៖​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម