អំណោយ​សប្បុរស​ធម៌​​​បាន​ទៅ​ដល់​ដៃ​សិស្ស​នៅ​សាលា​អូរជ្រៃ​ហើយ

 
 

ក្រុម​ការងារ​ Sabay ដែល​តំណាង​ឲ្យ​សប្បុរសធម៌​ផ្សេង​ទៀត​ បាន​នាំ​យក​អំណោយ​​ជាសម្ភារៈ​ និង ថវិកា ទៅ​ផ្ដល់​ជូន​សិស្ស​នៅ​សាលា​អូរជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

អំណោយ​សប្បុរស​ជន​ដែល​បាន​យក​ទៅ​ចែក​ជូន​នៅ​សាលា​បបឋម​សិក្សា​អូរជ្រៃ គឺជា ផ្នែក​មួយ​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​សិស្សានុសិស្ស ដែល​កំពុង​ខ្វះខាត​សម្ភារៈ​សិក្សា ខណៈ​សាលា​មួយ​នេះ បាន​យក​ជង្រុកពោត​​ធ្វើ​ជា​​​ថ្នាក់​រៀន។

ក្មេង​ស្រី​ពិការ​ទាំង​ដៃ និង ជើង ជា​អ្នក​តំណាង​ទទួល​​សម្ភារៈ​ពី​លោក លី សុផាត ក្រុមការងារ​Sabay

លោក ជីព ចិត្ត តំណាង​ក្រុមការងារ​ Sabay ដែល​បាន​ដឹកនាំ​យក​​អំណោយ​សប្បុរស​ធម៌​​បាន​និយាយ​ទៅ​កាន់​សិស្សានុសិស្ស​ និង លោកគ្រូ អ្នក​គ្រូ នាយក​សាលា ក៏ដូចជា អាណាព្យាបាល​ដែល​បាន​​ចូលរួម​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​សិក្សា​មួយ​ចំនួន​ជូន​សិស្ស​សាលា​អូរជ្រៃ និង សាលា​ប៊ូទូក ឲ្យ​ដឹង​ថា ការ​នាំ​យក​សម្ភារៈ​ និង ថវិកា មួយ​ចំនួន​មក​នេះ គឺជា ផ្នែក​នៃ​ កាយវិការ​របស់​សប្បុរស​ជន​មក​ពី​គ្រប់ទិសទី ដែល​មាន​សន្ដាន​ចិត្ត​នឹក​អាណិត​ដល់​ប្អូនៗ ដែល​កំពុង​សិក្សា​​ហើយ​ខ្វះខាត​​ដោយ​យកជង្រុក​​ពោត​​​ធ្វើ​ជា​ថ្នាក់​រៀន។

​អ្នក​ស្រី កែម​ លីហៀង​​ ផលិតករ​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​​នាំ​យក​​អំណោយ​​ប្រគល់​ជូន មាន​ជា​សៀវ​ភៅ​រឿង​ជិត ២០០ ក្បាល​ សៀវភៅ ​សរសេរ​​​ និង ​ខ្មៅដៃ​​ តាម​​រយៈ​​ក្រុម​ការងារ​ Sabay បាន​ថ្លែង​ថា​ សម្ភារៈ​​ទាំង​អស់​​​ គឺ​​បាន​​​ពី​ការ​ចូល​រួម​​បរិច្ចាគ​បន្ត​​​ ពី​មិត្តភ័ក្ដិ ក្រោយ​ពី​​​មើល​ឃើញ​​​ការ​​លំបាក​របស់​កុមារ​​តូច​នៅ​សាលា​អូរជ្រៃ​ និង​ សាលា​ប៊ូទូក។

អ្នក​ស្រី​​បន្ថែម​ថា​​ ថ្វី​ត្បិត​​សម្ភារៈ​ទាំង​អស់​នេះ​មិន​ច្រើន​​ តែ​អ្នក​ស្រី​សង្ឃឹម​ថា​ នឹង​ចូល​រួម​​ចំណែក​​ជួយ​ដល់​កុមារ​តូច​ៗ​ទាំង​នោះ។ “មិន​មែន​​មាន​​តែ​កុមារ​​​នៅ​រាជធានី​ភ្នំពេញ​​ប៉ុន្មាន​នាក់​​ ​ដែល​ទទួល​បាន​​ការ​អប់រំ​ល្អ​ ​នឹង​អាច​​ក្លាយ​ជា​សសរ​ទ្រូង​​ ដើម្បី​ប្រទេស​ជាតិ​នោះ​ទេ​។ ប៉ុន្តែ​កុមារ​តូច​ៗ នៅ​​​តំបន់​នោះ​ ក៏​អាច​​ក្លាយ​ជា​ធនធាន​​​​ដើម្បី​ចូល​រួម ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​​ដែរ​​”។

ទន្ទឹម​គ្នា​​នេះ​ដែរ​ លោក​ រស់​ គង់ តំណាង​ឲ្យ​អ្នក​ស្រី ជា ស៊ុនដាណែត នាយិកា​វិទ្យុ​ស្ត្រី FM 102 Mhz ដែល​បាន​នាំ​យក​ថវិកា និង សម្ភារៈ​មួយ​ចំនួន​ចូល​រួម​ការងារ​សប្បុរស​ធម៌​ជាមួយ​ក្រុម​ការងារ​ គេហទំព័រ Sabay បាន​និយាយ​ថា រូបភាព​មួយ​ចំនួន​នៅ​សាលា​អូរជ្រៃ និង ប៊ូទូក គឺ​នាំ​ឲ្យ​លោក​​​នឹក​ឃើញ​អតីត​កាល​របស់​ខ្លួន​​ ដែល​ធ្លាប់​​សិក្សា​សាលា​​បែប​នេះ​​កាល​ពី​​​​នៅ​តូចៗ​។

ការ​​ទទួល​បាន​ការ​សិក្សា​មាន​​កម្រិត​រួម​​ទៅ​នឹង​​ការ​​បោះ​បង់​​ការ​ សិក្សា​នៅ​តំបន់​ជនបទ​​មាន​ច្រើន​មែន​ទែន​។​ ដូច្នេះ​អំណោយ​ ដែល​បាន​ផ្ដល់​ជូន​​លោក​សង្ឃឹម​ថា​ នឹង​អាច​ជួយ​សម្រាល​បន្ទុក​​​ការ​​ចំណាយ​របស់​អាណាព្យាបាល​បាន​ខ្លះ។ លោក រស់ គង់ និយាយ​បន្ថែម។

ជុំវិញ​បញ្ហា​នេះដែរ លោក​ ជីព ចិត្ត ប្រធាន​ក្រុម​ការងារ​ Sabay ​ទទួល​អំណោយ​ពី​សប្បុរសជន​បាន​និយាយ​បន្ថែម​​ថា អំណោយ​ដែល​ក្រុម​ការងារ Sabay ទទួល​បាន​រួម​មាន ប្រាក់ ៨៤៤ ដុល្លារ និង ៦៥​ម៉ឺន ៣៩០០ រៀល។ ចំពោះ​សម្ភារៈ​​មាន​ដូចជា៖ សៀវភៅ​សរសេរ​​ ​៣៩១ ក្បាល, សៀវភៅ​ពុម្ព (រឿង) ជាង ១០០​ ក្បាល, ប៊ិច ៧០២ ដើម និង ៤ ប្រអប់, ​ខ្មៅដៃ​​ ៤៤៥ ដើម និង ១ ប្រអប់, បន្ទាត់ ៤១, ជ័រលុប ២៩០ ដុំ, ដែកខួង ១៥០, សាប៊ូ​​ ១០០ ដុំ, ទឹកដោះ​ជូរ ១១ កេះ, តង់​ចំនួន ៣ និង សំលៀកបំពាក់​មួយ​ចំនួន​ទៀត។

រាប់ ពី ឆ្វេង លោក រស់ គង់ ជា តំណាង ប្រគល់ ថវិកា ជួយ ដល់ សិស្សានុសិស្ស អូរជ្រៃ តាម រយៈ លោក ជីព ចិត្ត ប្រធាន ក្រុម ការងារ Sabay ដែល បាន ដឹកនាំ អំណោយ ទៅ កាន់ សាលា អូរជ្រៃ និង ប៊ូទូក

ចំពោះ​ថវិកា ៨៤៤ ដុល្លារ និង ៦៥​ ម៉ឺន ៣៩០០ រៀល ដែល​ប្រមូល​បាន​ពី​សប្បុរសជន​ពី​គ្រប់ទិសទី​នេះ មិន​បាន​​ផ្ដល់​ជូន​ដល់​​នាយក​សាលា​នោះ​ទេ គឺ​​បាន​បង្វែរ​ទៅ​ឲ្យ​ក្រុមហ៊ុន CBM ដែល​រួម​ដំណើរ​សប្បុរស​ធម៌​នេះ ​ដើម្បី​​ទៅ​សិក្សា​ពី​ចំណុច​ខ្វះខាត​ហើយ​នឹង​​សម្រេច​ចិត្ត​ធ្វើ​ជា​សាលា​ ឬ បំពេញ​ចំណុច​ខ្វះ​ខាត​របស់​សាលា​អូរជ្រៃ និង ប៊ូទូក។ យ៉ាង​ណា​មិញ ទាំង​ថវិកា ​និង​សម្ភារៈ​ខាង​លើ ​តំណាង​ក្រុមការងារ​Sabay បាន​ប្រកាស​ចំពោះ​មុខ សិស្សានុសិស្ស ​លោក​គ្រូអ្នកគ្រូ ​អាជ្ញាធរ ​និង​អាណាព្យាបាល​​​ក្នុង​សហគមន៍​នោះ។

“ខ្ញុំ​សម្រេច​បង្វែរ​ប្រាក់​នេះ ទៅ​ខាង CBM ​​ដើម្បី​បង្ហាញ​ពី​តម្លាភាព ព្រោះ​ក្រុម​ហ៊ុន​នេះ គេ​នឹង​ធ្វើ​អ្វី​មួយ​ឲ្យ​ចេញ​ជារូបរាង​តែ​ម្ដង ប្រសិន​បើ​យើង​ឲ្យ​ទៅ​នាយក​សាលា យើង​អាច​និយាយ​បាន​ថា វា​អត់​ទាន់​ដឹង​ចេញ​អី​ជា​រូបរាង​នៅ​ឡើយ។ អញ្ចឹង​ក្រុម​ហ៊ុន​នេះ គេ​នឹង​សិក្សា​ពី​គម្រោង​​នានា ​ជាមួយ​ នាយក​សាលា គេ​នឹង​អាច​ធ្វើ​ជា​សាលា ឬ អណ្ដូង​ទឹក ឬ ធ្វើ​អ្វី​ផ្សេង​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នានា ដែល​សិស្សានុសិស្ស ក៏ដូចជា សហគមន៍ ទាំង​មូល​​ កំពុង​ត្រូវ​ការ”។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក ជីព ចិត្ត។

ទោះ​បី​ជា​យ៉ាង​ណា លោក ពត សារឿន នាយក​សាលា​អូរជ្រៃ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរស​ជន​​ដែល​បាន​នាំ​យក​សម្ភារៈ​ចែក​ជូន​ដល់​សិស្សានុសិស្ស ដែល​សុទ្ធសឹងតែ​ជា​កុមារ​ក្រីក្រ។ ទន្ទឹម​នឹង​នេះ​ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​សប្បុរស​ជន​ជួយ​ដល់​ពួកគេ​បន្ថែម​ទៀត ព្រោះ​ក្មេង​ៗ​នេះ​ទី​នេះ នៅ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ។​ លោក​នាយក​សាលា បាន​បញ្ជាក់​ដែរ​ថា សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា អូរជ្រៃ និង ប៊ូទូក សរុប​ចំនួន​ជិត ២០០ នាក់ ។

នាយក​សាលា​អូរជ្រៃ លោក ពត សារឿន បាន​អំពាវនាវ​​ឲ្យ​សប្បុរជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​ជូន​សិស្សានុសិស្ស ក៏ដូចជា សហគមន៍​ នៅ​ក្នុង​ភូមិ​អូរជ្រៃ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​វីដេអូខាង​ក្រោម៖


លោក ចាយ ម៉ោញ មេឃុំ បារាំងធ្លាក់​ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង​ បាន​និយាយ​ថា ឃុំ​បារាំង​ធ្លាក់ មាន​ ១៣ ភូមិ  ក្នុង​នោះ​ភូមិ​អូរជ្រៃ មាន​ការ​លំបាក​ និង​ ខ្សត់ខ្សោយ​ជាង​គេ ព្រោះ​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន។ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​បារាំង​ធ្លាក់ សរុប​ចំនួន ២០៥០ គ្រួសារ ក្នុង​នោះ​ ភូមិ​អូរជ្រៃ​តែមួយ មាន​ចំនួន ១៧៧ គ្រួសារ ដែល​ភាគច្រើន​ពួកគេ​ប្រកប​របរ​កសិកម្ម ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ៕

ក្រុម ការងារ Sabay កំពុង ផ្ទេរ សម្ភារៈ ដាក់ លើ គោយន្ដ ដើម្បី ដឹក ទៅ កាន់ សាលា អូរជ្រៃ និង ប៊ូទូក (ស្ថាន ភាព ផ្លូវ លំបាក ដូច្នេះ ត្រូវ ជិះ គោយន្ដ បន្ដ)

ផ្លូវ បែក ភក់ បន្ទាប់ ពី ភ្លៀង ធ្លាក់ មួយ មេ (ផ្លូវ លំបាក ជិត ៥ គីឡូម៉ែត្រ បាន ដល់ សាលា អូរជ្រៃ និង ប៊ូទូក)

ប្រភព៖ Sabay​


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម