ស្ងាត់​ចម្រៀង​លើ​ទីផ្សារ​ជិត​កន្លះ​ឆ្នាំ ណាំ ប៊ុណ្ណារ័ត្ន មិន​ច្បាស់​ទ្រនំ​នៅ​ Town

 
 

លោក ណាំ ប៊ុណ្ណារ័ត្ន និយាយ​ថា ​​អនាគត​​ក្នុង​ទ្រនំ​ Town ​មិន​ច្បាស់លាស់​​ទេ បន្ទាប់​ពី​ជិត​​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ ​មិន​មាន​បទ​ចម្រៀង​ចេញ​លក់​លើ​ទីផ្សារ​ដូច​តារា​ដទៃ។

អ្នក​និពន្ធ​បទ​ភ្លេង និង ​ជា​តារា​ចម្រៀង​លោក ណាំ ប៊ុណ្ណារ័ត្ន លើក​ឡើង​ថា៖ “រឿង​បន្ត ឬ​​នៅ​មិន​ទាន់​ច្បាស់​ទេ ព្រោះ​​យើង​នៅ​ពិភាក្សា​គ្នា​ពេល​ក្រោយ​ទៀត តែ​សម្រាប់​បទ​ចម្រៀង​ខ្ញុំ​ហាក់​ស្ងាត់​ណាស់​ជាង​កន្លះ​ឆ្នាំ​ហើយ”។

អានអត្ថបទ៖ តារា​ចម្រៀង​​ល្បីៗ​១០​ដួង​ប្ដូរ​ទ្រនំ​ញឹកញាប់ មុន​ពេល​ឈរ​ជើង​នឹង

លោក​បាន​អះអាង​​ថា ​មិន​មាន​​ទំនាស់ ឬ​បញ្ហា​អសកម្ម​​អ្វី​ជា​មួយ​ផលិតកម្ម Town ឡើយ។ ការ​​ស្នាក់​នៅ​បន្ត​ជា​មួយ​ផលិតកម្ម ឬ​ត្រូវ​ចាក​ចេញ​នា​ពេល​ខាង​មុខ​អាស្រ័យ​លើ​ការ​និយាយ​គ្នា ព្រោះ​ខ្លួន​​ក៏​មិន​​មែន​ជា​តារា​ចម្រៀង​ជាប់​កុង​ត្រា​ដូច​តារា​ផ្សេង​ទៀត​ទេ។

មូលហេតុ​ពិត​ប្រាកដ ​នៃ​​ភាព​​ស្ងប់ស្ងាត់​​ចម្រៀង​លើ​ទីផ្សារ​មិន​ត្រូវ​បាន​ម្ចាស់​ពាន អាណាចក្រ​តារា​ផ្នែកតារា​ចម្រៀង​មាន​សក្ដានុពល​​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ដោយ​លោក​និយាយ​​ថា​កំពុង​ជាប់​រវល់ប្រជុំ។

ដោយ​ឡែក​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម Town លោក មាស សុខ​រតនៈ​ ក៏​បាន​និយាយ​​ដែរ​ថា​ ផលិតកម្ម និង​​ តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន គឺ​មិន​ដែល​មាន​បញ្ហា​អ្វី​ជា​មួយ​គ្នា​នោះ​ទេ ហើយ​ការ​សម្រេច​ចាក​ចេញ​ ឬ​បន្ត​ស្នាក់​នៅ​អាស្រ័យ​លើ​បុគ្គល។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ “គាត់​ទៅ ឬ​​អត់​យើង​មិន​អាច​ហាម​​ឃាត់​បាន​ទេ​អូន ព្រោះ​ជា​សិទ្ធិ​របស់​គាត់ តែ​បង​គ្រាន់​តែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​​យើង​គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ”។

​លោក មាស សុខរតនៈ ទទួល​ស្គាល់​ថា​​ មួយ​រយៈ​ចុង​ក្រោយ​​បទ​ចម្រៀង​របស់​តារា​ចម្រៀង​រូប​នេះ​លើ​ទីផ្សារ​ពិត​ជា​ស្ងប់ស្ងាត់​ពិត​មែន ក៏ប៉ុន្តែ​លោក​បាន​អះអាង​ថា​ ផលិតកម្ម​កំពុង​ត្រៀម​ធ្វើ​បទ​ជា​ច្រើន​សម្រាប់​តារា​ចម្រៀង​ខាង​លើ។

លោក ណាំ ប៊ុណ្ណារ័ត្ន ទើប​ត្រឡប់​មក​ពី​ការ​សម្ដែង​នៅ អាមេរិក ជា​មួយ​ កញ្ញា លី អ៊ីវ៉ាធីណា កាល​ពី​ពេល​ថ្មីៗ​ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​បងប្អូន​ខ្មែរ​នៅ​ទីនោះ។ ក្រៅ​តែ​ពី​តារា​ចម្រៀង​លោក​ត្រូវ​មហាជន​ទទួល​ស្គាល់​ថា​ជា​អ្នក​និពន្ធ​បទ​​ភ្លេង​ល្បី​ឈ្មោះ​ម្នាក់ រហូត​បាន​ក្លាយ​ជា​ជយលាភី ផ្នែក​តារា​ចម្រៀង​មាន​សក្ដានុពល​ពី​កម្មវិធី​អាណាចក្រ​តារា​កាល​ពី​ឆ្នាំ​ ២០១២​ កន្លងទៅ៕

ប្រភព: Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម