ពែក មី លាត​ត្រដាង​ជីវិត​ពិត​តាម​បទ “ជីវិត​អ្នក​កំប្លែង”

 
 

តារា​កំប្លែង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ ពី​ទស្សនិកជន នាយ ពែក មី បាន​លាត​ត្រដាងពី​​ជីវិត​ពិត​តាម​រយៈ​បទ “ជីវិត​អ្នក​កំប្លែង”។ នាយ បាន​បកស្រាយ​បទ​ចម្រៀង​​នេះ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដែល​បាន​​រៀប​រាប់​ពី​ជីវិត​តស៊ូ​ក្រៅ​ឆាក​រហូត​បាន​ក្លាយ​ជា​តារា​កំប្លែង​ល្បី​នា​ពេល​បច្ចុប្បន្ន​នេះ។

សូមចុចអាន៖ ទឹក​ចិត្ត​បង​ធម៌​ធំធេង​ពេក ពែកមី អួល​ដើមក

“ជា​អ្នក​កំប្លែង​ទឹក​ភ្នែក​ម្នាក់​ឯង​គ្មាន​អ្នក​ណា​ដឹង រឿង​ក្រៅ​ឆាក​លំបាក​ខំ​ប្រឹង មុន​មាន​ថ្ងៃ​ហ្នឹង​ជីវិត​យ៉ាង​ណា?” ។ នេះ​ជា​ឃ្លា​មួយ​នៅ​ក្នុង​បទ “ជីវិត​អ្នក​កំប្លែង” ដែល​សរសេរ​ទំនុក​ច្រៀង​ដោយ​​ នាយ ពែក​ មី ផ្ទាល់ ហើយ​ក៏​ជា​ជីវិត​របស់​លោក​ផ្ទាល់​ផងដែរ។

នាយ ​ពែក មី គឺជា​ តារា​កំប្លែង​មួយ​រូប ​ដែល​អាច​កសាង​ភាព​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ពី​ការងារ​សំណង់ ទាហាន ហើយ​ក្លាយ​ជា​អ្នក​កំប្លែង តារា​ចម្រៀង និង ចេះ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ថែម​ទៀត។

ដូច្នេះ​ហើយ​ នាយ ពែក មី ក៏​បាន​រៀបរាប់​ពី​ជីវិត​លំបាក​របស់​ខ្លួន ទម្រាំ​បាន​​ឈាន​ដល់​ជោគជ័យ​សព្វថ្ងៃ​​ដោយ​បាន​រំលេច​នៅ​ក្នុង​បទ “ជីវិត​អ្នក​កំប្លែង”។ “មក​ដល់​ទី​ក្រុង​ ធ្វើ​ការ​សំណង់​ញើស​ដូរ​បាយ​ហូប​ ឃ្លាន​នំ​ចំណី​ កីមិន​ហ៊ាន​ចាយ​ សន្សំ​ប្រាក់​ឲ្យ​ម្ដាយ​ដោះស្រាយ​បញ្ហា”។ ឃ្លា​នេះ​នៅ​ក្នុង​បទ​ចម្រៀង​របស់​ នាយ​ ពែក មី។

ជាការពិត​នាយ​ ពែក បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ស្វាយ​រៀង មក​កាន់​រាជធានី​ភ្នំពេញ ដោយ​មាន​តែ​បង្វិច​ខោ អាវ បីបួន​កំប្លេរ​ និង មាន​ប្រាក់​តែ​ ៤-៥ ម៉ឺន​រៀល​សម្រាប់​ធ្វើ​សោហ៊ុយ​តាម​ផ្លូវ​ប៉ុណ្ណោះ។ មក​ដល់​ភ្នំ​ពេញ​លើក​ដំបូង ការងារ​ដែល​នាយ​ចាប់​ផ្ដើម​ធ្វើ គឺជា​ការងារ​សំណង់​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​​បំផុត​ ដែល​តម្រូវ​ឲ្យ​អត់​ធ្មត់​ក្នុង​ការ​ចាយ​វាយ​ត្បឹតត្បៀត​ដើម្បី​សន្សំ​ប្រាក់​ជួយ​ផ្គត់​ផ្គង់​គ្រួសារ​ក្នុង​នាម​លោក​ជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​ប្រុស-ស្រី ៧ នាក់។

នាយ ពែក មី​ បាន​ផ្លាស់​ប្ដូរ​ជីវិត​ដ៏​កម្សត់​របស់​ខ្លួន​បន្ទាប់​ពី​ចូលរួម​ប្រឡង​នៅ​ក្នុង​កម្មវិធី “មហាកំប្លែង” របស់​ស្ថានីយ​ទូរទស្សន៍ CTN កាល​ពី​អំឡុង​ឆ្នាំ ២០០៩។ ដោយ​ទេព​កោសល្យ​ដ៏​ប៉ិន​ប្រសព្វ​នេះ​ នាយ ពែកមី បាន​ជាប់​ជា តារា​កំប្លែង ហើយ​បាន​​ក្លាយ​ជា​អ្នក​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ រហូត​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​កំប្លែង CTN។

ប្រភព: Sabay

ដូច្នេះ​ហើយ នាយ ពែក មី បាន​បញ្ចូល​រឿងរ៉ាវ​ ពេល​ចូល​សិល្បៈ​លើក​ដំបូង​នៅ​ក្នុង​បទ​ចម្រៀង​ដោយ​នាយ​បាន​សរសេរ​រៀបរាប់​ថា “ទូរទស្សន៍​រើស​អ្នក​កំប្លែង​ដាក់​ពាក្យ​ម្នាក់​ឯង សម្ដែង​មុខ​គណៈកម្មការ​ ទឹក​ដោះ​ម៉ែ​ថ្លៃ​ កូន​​មាន​និស្ស័យ​ក្លាយ​ជា​តារា ម៉ែ​អរ​ពេក​ហូរ​ទឹក​នេត្រា សង្ឃឹម​គ្រួសារ​រួច​ពី​ក្រក្រី”

ទំនុក​ច្រៀង​ទាំង​ស្រុង​គឺជា ការ​និពន្ធ​ដោយ​ផ្ទាល់​ដៃ​របស់​ នាយ ពែកមី ប៉ុន្ដែ​សាច់​ភ្លេង​គឺ​យក​លំនាំ​បទ​របស់​ថៃ។ នាយ​ ពែកមី បាន​ប្រាប់​គេហទំព័រ Sabay ថា តាម​ពិត​ទៅ​លោក​និពន្ធ​បទ​នេះ​ឡើង​ ​​ដើម្បី​បង្ហាញ​ពី​ជីវិត​តស៊ូ​របស់​លោក ដែល​ការណ៍​ច្រៀង​រៀបរាប់​ពី​ជីវិត​ពិត​នេះ គឺ​នៅ​គ្រា​ដែល​ឪពុក​ម្ដាយ​របស់​ឡើង​កម្មវិធី​​របស់​ស្ថានីយ​ទូរទស្សន៍ CTN។

ប៉ុន្តែ ដោយ​សារ​មាន​ការ​គាំទ្រ បទ​ចម្រៀង “ជីវិត​អ្នក​កំប្លែង” នេះ ត្រូវ​បាន​ផលិត​កម្ម​ Town យក​ទៅ​បញ្ចូល​នៅ​ក្នុង​វ៉ុល​ចម្រៀង​ដែល​ត្រៀម​ចេញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះដែរ។

ប្រសិន​បើ​​ទឹកប៊ិច​ដែល​រំលេច​ពី​ប្រវត្តិ​របស់​នាយ​ពែក​មី មាន​ការ​គាំទ្រ ពី​ស្នាដៃ​និពន្ធ​របស់​នាយ គឺ​ពែកមី បាន​ប្ដេជ្ញាថា នាយ​នឹង​ចាប់​អាជីព​មួយ​ទៀត​គឺ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ និពន្ធ​រឿង ដឹកនាំ​រឿង ដែល​ជា​អាជីព​បន្ថែម​លើ​​អាជីព​កំប្លែង និង ច្រៀង៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម