សិស្សនិទ្ទេស A ឈីវ ស៊ីសាង ដង្ហោយរកជំនួយបន្តការសិក្សានៅមហាវិទ្យាល័យ
វាជារឿងមួយគួរឲ្យសោកស្ដាយនៅពេលសិស្សពូកែខំប្រឹងរៀនរហូតបាននិទ្ទេស A តែបែរជាជួបការលំបាកផ្នែកជីវភាព ហើយប្រហែលយុវជនរូបនេះ អាចបោះបង់ចោលការសិក្សាមិនបន្តយកថ្នាក់មហាវិទ្យាល័យនៅទីក្រុងភ្នំពេញដោយសារតែភាពក្រីក្រ ។
សិស្សវិទ្យាល័យហ៊ុនសែនសេរីភាព ឈីវ ស៊ីសាង ទទួលបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩. ៩៩៦ នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៣-២០១៤ បានរៀបរាប់ថា ខ្លួនពិតជាចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យក្នុងទីក្រុងភ្នំពេញណាស់ ប៉ុន្តែកត្តាធំចំបង គឺភាពក្រីក្រ មកបង្អាក់ក្ដីប្រាថ្នានេះ។
ស៊ីសាងបាននិយាយពីប្រវត្តិគ្រួសារកម្សត់របស់ខ្លួនថា ពេលស៊ីសាងអាយុបាន ១ ខួប លោកឪពុកក៏បានលាចាកលោក ហើយអ្នកម្ដាយក៏ផ្លាស់ទីលំនៅពីរាជធានីភ្នំពេញម្ដុំចាក់អង្រែមករស់នៅស្រុកតាខ្មៅវិញ។
គ្រួសារដែលគ្មានឪពុកជាបង្គោលធ្វើឲ្យបាត់ជំហរក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ម្ល៉ោះហើយអ្នកម្ដាយស៊ីសាងក៏សម្រេចចិត្តជ្រើសស្វាមីថ្មីម្នាក់ទៀតព្រមទាំងបានកូនប្រុសម្នាក់។ តែអ្វីដែលអ្នកម្ដាយស៊ីសាងសង្ឃឹមថា នឹងមានជំហររឹងមាំជាងមុនបន្ទាប់ពីមានស្វាមីថ្មីនោះ មិនអញ្ចឹងឡើយ ផ្ទុយទៅវិញបែរជារឹតដុនដាបជាងមុនទៅទៀតព្រោះកូនប្រុសដែលកើតមកនោះ (ត្រូវជាប្អូនប្រុសស៊ីសាង) មានជំងឺទឹកនោមប្រៃ តាំងពីអាយុ ១ ខួប (មានជំងឺតាំងពីកំណើត ) នាំឲ្យប្រាក់ខែស្ដួចស្ដើងរបស់អ្នកម្ដាយ និង លោកឪពុកស៊ីសាងត្រូវចំណាយមួយភាគធំក្នុងការមើលថែទាំជំងឺកូន។
សូមចុចអាន៖ អៃយ៉ា! មានកន្លែងផ្ដល់កម្លាំងចិត្ត និងការតម្រង់ទិសដៅ ដល់អ្នកធ្លាក់បាក់ឌុប ដោយឥតគិតថ្លៃផង
ឈីវ ស៊ីសាង ( រូបទីពីររាប់ពីស្តាំជួរខាងក្រោយ) ក្នុងពេលទទួលលិខិតសរសើរសិស្សពូកែទូទាំងប្រទេស
ក្រុមគ្រួសារស៊ីសាងគ្មានទីលំនៅផ្ទាល់ខ្លួនឡើយ គឺសុំជ្រកកោនក្រោមដំបូលផ្ទះជាមួយម្ដាយមីងប៉ុណ្ណោះ ហើយការសិក្សាកន្លងមក គឺម្ដាយមីងជាអ្នករ៉ាប់រងជួយបានបន្តិចបន្តួចព្រោះអ្នកម្ដាយ និង លោកឪពុកស៊ីសាងពុំមានលទ្ធភាពគ្រប់គ្រាន់ដោយសារតែប្រាក់ខែក្នុងនាមជាអ្នកបុគ្គលិកសណ្ឋាគារមិនបានដល់ ១៥០$ ក្នុងមួយខែទេ ។
នៅពេលទៅរៀនម្ដងៗ ស៊ីសាងមិនដែលមានសំលៀកបំពាក់ល្អៗដូចកូនគេឡើយ ពេលខ្លះទៅរៀនសឹងតែគ្មានប្រាក់មួយរៀលជាប់ខ្លួន។ ស៊ីសាងបានលើកដៃសំពះ និង និយាយត្រង់ៗទៅគ្រូសុំចូលរៀនគួរ ដោយគ្រូអាណិតនឹងដឹងពីប្រវត្តិក្រីក្រព្រមទាំងមើលឃើញថាស៊ីសាងជាសិស្សរៀនពូកែ ក៏អនុញ្ញាតឲ្យរៀនមិនបង់ថ្លៃ។ តែទោះយ៉ាងណា យុវជនរូបនេះ មិនដែលខ្ជិល ឬគេចសាលាឡើយ ។
ស៊ីសាង( រូបពាក់អាវសទីបី រាប់ពីស្តាំ) នៅអាកាសយានដ្ឋានពោធិ៍ចិនតុងក្នុងពេលចូលរួមប្រកួត APHO
” បើទោះគ្រួសារខ្ញុំក្រ តែខ្ញុំចង់រៀនសូត្របានខ្ពង់ខ្ពស់។ ដូច្នេះហើយខ្ញុំប្រឹងរៀនរហូតបានជាប់សិស្សពូកែផ្នែករូបវិទ្យាចំណាត់ថ្នាក់លេខ ៤ ទូទាំង ប្រទេសកាលនៅថ្នាក់ទី ៩ និងទី ១២ បានលេខ ៣ (មេដាយសំរិទ្ធិ) ទូទាំងប្រទេស ហើយក្រសួងអប់រំបានអនុញ្ញាតឲ្យខ្ញុំមករៀនបំប៉នសម្រាប់ការចេញទៅប្រលងកម្មវិធីរូបវិទ្យាអាស៊ាននៅប្រទេសសិង្ហបុរី APHO ( Asian Physics Olympiad ) កាលពីខែឧសភាកន្លងទៅក្នុងឆ្នាំ ២០១៤ និង សម្រាប់លទ្ធផលបាក់ឌុប ខ្ញុំទទួលបាននិទ្ទេសA។ ថ្វីត្បិតតែជាប់សិស្សពូកែនិងនិទ្ទេស A អាចទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅមហាវិទ្យាល័យក្ដី តែភាពក្រីក្រប្រហែលមិនអាចឲ្យខ្ញុំបន្តចាប់យកឱកាសការសិក្សាបានទេ “។ យុវជននេះនិយាយជាមួយសំឡេងអួលដើម ក ប្រាប់ sabay យ៉ាងដូច្នេះ។
ឈីវ ស៊ីសាងនិយាយថា ៖ “ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយខ្ញុំឲ្យបានបន្តការសិក្សានៅមហាវិទ្យាល័យផង ខ្ញុំពិតជាចង់រៀនបន្តណាស់តែកត្តាជីវភាពជាកត្តាចម្បង។ក្រុមគ្រួសារខ្ញុំពុំមានលទ្ធភាពទេ ផ្ទះខ្ញុំនៅតាខ្មៅមិនឆ្ងាយពីភ្នំពេញ ដូច្នេះខ្ញុំមិនចាំបាច់ស្នាក់នៅក្នុងរាជធានីទេ តែខ្ញុំគ្មានមធ្យោបាយដើម្បីធ្វើដំណើរទៅដល់ភ្នំពេញបាន។ ខ្ញុំសូមសប្បុរសជនជួយឧបត្ថម្ភខាងមធ្យោបាយធ្វើដំណើរដល់រូបខ្ញុំបាទផង ព្រោះបើគ្មានវាទេ ប្រហែលជាខ្ញុំត្រូវនៅផ្ទះមិនអាចបន្តកាសិក្សាបានឡើយ “។
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!