មួយ​សប្ដាហ៍​ក្រោយ​សង្រ្គាម​នៅ​កាហ្សា​បាន​បញ្ចប់

 
 

រូបភាព​កុមារ​ម្នាក់​​អង្គុយ​លើ​គំនរ​បាក់បែក​​ ដែល​ជា​អតីត​ផ្ទះ​របស់​ខ្លួ​ន​ខាងលើ​នេះ​ បាន​បង្ហាញ​ពី​ជីវិត​​​​ក្រោយ​សង្រ្គាម​​​រវាង​កាហ្សា​ និង​អ៊ីស្រាអែល​បាន​បញ្ចប់​ទៅ។

កង​ឧទ្ទាម​ ហាម៉ាស់ និង​អ៊ីស្រាអែល​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​សង្រ្គាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​ក្រោយ​​​បទ​ឈប់​បាញ់​នោះ ប្រជាជន​នៅ​តំបន់​កាហ្សា​មួយ​ចំនួន​បាន​វិល​ទៅ​កាន់​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​ខ្លះ​ហើយ។ 

សង្រ្គាម​រយៈ​ពេល​៥០ថ្ងៃ​នេះ បាន​សម្លាប់​ជីវិត​ប្រជាជន​ប៉ាឡេស្ទីន​ ២១០០នាក់ ដែល​ក្នុង​នោះ​៣ភាគ​៤ ជា​ជន​ស៊ីវិល ខណៈ​កុមារ​ដែល​ស្លាប់​មាន​យ៉ាង​ហោច​ណាស់ ៤៩៤នាក់។ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ប៉ាឡេស្ទីន និង​អង្គ​ការ​សហប្រជាជាតិ។ យ៉ាង​ណា​ក្ដី បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អ៊ីស្រាអែល​វិញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ មាន​យ៉ាង​ហោច​ណាស់​ក៏​ពាក់​កណ្ដាល​ដែរ​ ជា​យោធា មិន​មែន​ជន​ស៊ីវិល​នោះ​ទេ។

ចំណែកខាង​អ៊ីស្រាអែល​វិញ មាន​ទាហាន​៦៦នាក់​ និង​ជន​ស៊ីវិល​៣នាក់​​បាន​ស្លាប់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ផង​ដែរ។ ពួក​ហាម៉ាស់ និង​កង​យោធា​ផ្សេង​ទៀត​របស់​កាហ្សា​ បាន​បាញ់​គ្រាប់​រ៉ុកកែត​ ៤៥៩១គ្រាប់​ទៅ​លើ​អ៊ីស្រាអែល (ភាគ​ច្រើន​នៅ​ភាគ​ខាង​ត្បូង) ខណៈ​អ៊ីស្រាអែល​បាន​​​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជាង​៥០០០លើក​ទៅ​លើ​​តំបន់​កាហ្សា​​ផង​ដែរ។

អស់​ផ្ទះ សល់​ត្រឹម​សាឡុង​អង្គុយ​ជជែក​គ្នា​លើ​ក្រោម​ពន្លឺ​​​ភ្លើង

ក្នុង​រយៈ​ពេល​នៃ​សង្រ្គាម​នោះ​ដែរ អ៊ីស្រាអែល​បាន​បំផ្លាញ​ផ្ទះ​រាប់​ពាន់​ខ្នង​នៅ​តំបន់​កាហ្សា ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល​២៥ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ទៅ​កាន់​ជំរំ​ (សាលា) របស់ UN ជាង​១០០កន្លែង។ ដោយ​សារ​តែ​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​មិន​ទាន់​មាន​ជម្រក​នៅ​ឡើយ មន្រ្ដី​អប់រំ​បាន​ពន្យារ​បវេសនកាល​​ថ្មី​ទៅ​សប្ដាហ៍​ក្រោយ។ ការ​ពន្យារ​ពេល​នេះ ក៏​ដោយ​សារ​តែ​សាលា​នៅ​កាហ្សា​​​យ៉ាង​ហោច​ណាស់​ ២២៣កន្លែង ត្រូវ​បាន​​បំផ្លាញ​ដោយ​គ្រាប់​ផ្លោង​របស់​អ៊ីស្រាអែល។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នោះ អ៊ីស្រាអែល​​​បាន​ចោទ​ប្រកាន់​ពួក​ហាម៉ាស់​ថា​បាន​ប្រើ​អគារ​របស់​ជន​ស៊ីវិល ដូច​ជា​សាលា​រៀន​ជា​ដើម​នោះ ក្នុង​គោល​បំណង​យោធា។

ទោះ​បី​ជា​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្រ្គាម​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ក៏​ពិត​មែន ក៏​ភាគី​ទាំង​ពីរ​នៅ​មាន​បញ្ហា​​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ ដូច​ជា​បញ្ហា​បិទ​ផ្លូវ​ជើង​ហោះហើរ​ និង​បញ្ហា​ប្រគល់​សាកសព​ទាហាន​ដែល​ស្លាប់។ ដំណើរ​ការ​ចរចា​លើ​បញ្ហា​ទាំង​នោះ​ ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​នេះ នៅ​ប្រទេស​អេហ្សីប៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម