ដល់​ពេល​តារា​ខ្មែរ​ឡើង​ធ្វើ​តួឯក​នៅ​ថៃ​ហើយ​តើ…!!!

 
 

បន្ទាប់​ពី​សិល្បករ​ខ្មែរ​មួយ​ក្រុម ត្រូវ​ទូរទស្សន៍​ថៃ​ចុះ​មក​សម្ភាសន៍​ដល់​ស្រុក​កាល​ពី​ប៉ុន្មាន​ខែ​មុន ពេល​នេះ ស្រាប់​តែ​សិល្ប​ការិនី​ខ្មែរ​យើង​ម្នាក់ គឺ​កញ្ញា ថន លក្ខិណា ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​របស់​ថៃ មាន​ចំណង​ជើង​ថា “ទីក្រុង​ខ្មោច”។

ភាពយន្ត​នេះ ស្ថិត​ក្រោម​កិច្ច​សហការ​ផលិត​រវាង​ភាគី​ថៃ និង​ម៉ាឡេស៊ី​ជាមួយ​ទុន​ផលិត​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ក្នុង​នោះ ថែម​ទាំង​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ផង។ “រឿង​នេះ ទៅ​ថត​នៅ​ច្រើន​ប្រទេស​ណាស់​បង ដូច​ជា​ប្រទេស​ថៃ ខ្មែរ ឡាវ និង​មីយ៉ាន់ម៉ា ហើយ​តាម​ប្រទេស​នីមួយ គេ​មាន​តារា​ប្រចាំ​ប្រទេស​គេ​រៀង​ៗ​ខ្លួន”។ ថន លក្ខិណា អះអាង។

សម្រាប់​កម្ពុជា គឺ​មាន​កញ្ញា ថន លក្ខិណា សម្ដែង​ជា​តួឯក​ស្រី​តែ​ម្ដង​ឈ្មោះ “Rose” ជា​គូ​ជាមួយ​នឹង​តួឯក​ប្រុស​ជនជាតិ​ថៃ​ឈ្មោះ ឈូ​ឆាត។លក្ខិណា ប្រាប់​ថា​នេះ គឺ​ជា​លើក​ដំបូង​ដែល​កញ្ញា​បាន​សម្ដែង​ក្នុង​ភាពយន្ត​បរទេស  ។ យ៉ាងណា ពិធីការិនី​ទូរទស្សន៍ CTN រូប​នេះ មិន​ច្បាស់​ទេ​អំពី​លក្ខខណ្ឌ​ដែល​កញ្ញា​ត្រូវ​បាន​ជ្រើស​រើស រួម​ទាំង​សាច់​រឿង​ផង។

“ខ្ញុំ​អត់​ច្បាស់​ទេ ដឹង​តែ​និយាយ​ពី​រឿង​ខ្មោច គឺ​តាម​ប្រទេស​នីមួយ​ៗ​ហ្នឹង​មាន​រឿង​ខ្មោច​ផ្សេង​ៗ​គ្នា។ ដោយ​ឡែក​ចំពោះ​ការ​ជ្រើស​រើស​ខ្ញុំ​សម្ដែង​វិញ ប្រហែល​ដោយ​សារ​ខ្ញុំ​ចេះ​ភាសា​ថៃ ព្រោះ​រឿង​នេះ​និយាយ​ថៃ​សុទ្ធ​តែ​ម្តង”។


“ទីក្រុង​ខ្មោច” ទើប​បាន​បញ្ចប់​ការ​ថត​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្មី​ៗ​នេះ បន្ទាប់​ពី​បាន​បញ្ចប់​នៅ​ប្រទេស​មួយ​ចំនួន​ខាង​លើ​រួច​រាល់។ ភាពយន្ត​ខ្នាត​ធំ​នេះ គ្រោង​បញ្ចាំង​នៅ​ថៃ​នា​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ មុន​យក​មក​បញ្ចាំង​នៅ​ខ្មែរ។ “នៅ​ថៃ​ប្រហែល​ជា​ដាក់​បញ្ចាំង​នៅ​ថៃ​ក្នុង​ខែ​វិច្ឆិកា ហើយ​ពេល​សម្ពោធ​នោះ ខ្ញុំ​ត្រូវ​ទៅ​ដែរ ប៉ុន្តែ​នៅ​ខ្មែរ​យើង អត់​ដឹង​ពេល​ណា​ឲ្យ​ច្បាស់​ទេ”។ លក្ខិណា បញ្ជាក់។

លក្ខិណា នៅ​ប្រាប់​ជា​ចុង​ក្រោយ​ថា ដើម​ឡើយ​រឿង​នេះ​មាន​ចំណង​ជើង​ថា “ទីក្រុង​ខ្មោច” ប៉ុន្តែ​ពេល​ដាក់​បញ្ចាំង ប្រហែល​ជា​ត្រូវ​ដូរ​ចំណង​ជើង​វិញ យ៉ាង​ណា​កញ្ញា​មិន​ទាន់​ដឹង​ថា គេ​ដូរ​ដាក់​យ៉ាង​ណា​វិញ​ទេ។ ក្នុង​រឿង “ទីក្រុង​ខ្មោច” លក្ខិណា សម្ដែង​ជា​តួ​បី​នាក់​ខុស​ៗ​គ្នា គឺ​តួ​នាង “រ៉ូស” ជា​ស្រី​ស្អាត​នៅ Mini Bar តួ​ខ្មោច និង​តួ​ជា​អ្នក​លើក​កាហ្វេ​នៅ​សណ្ឋាគារ។ ដូច្នេះ​ហើយ កញ្ញា​សង្ឃឹម​ថា ប្រជាប្រិយ​ភាព​នាង​នឹង​កើន​ឡើង​ខ្ពស់​បន្ទាប់​ពី​រឿង​នេះ បាន​ដាក់​បញ្ចាំង​ទាំង​ក្នុងនិង​ក្រៅ​ស្រុក។

ថន លក្ខិណា និង​តួ​ប្រុស​ជនជាតិ​ថៃ​ឈ្មោះ ឈូ​ឆាត និង​ឈ្មោះ​ “អំ” ក្នុង​រឿង “ទី​ក្រុង​ខ្មោច”


ថន លក្ខិណា គឺ​ជា​ពិធីការិនី​ទូរទស្សន៍ CTN ដោយ​បច្ចុប្បន្ន​កំពុង​កាន់​កម្មវិធី​ដល់​ទៅ​បី​រួម​មាន កម្មវិធី “សំណើច​តាម​ភូមិ” “រាត្រី​សំណព្វ​ចិត្ត” និង​កម្មវិធី “ផ្ទះ​លោក​តា”។ ក្រៅ​ពី​អាជីព​ជា​ពិធីការិនី លក្ខិណា ជា​តារា​ម៉ូដែល និង​ជា​តារា​សម្ដែង​ផង ដោយ​បច្ចុប្បន្ន​កំពុង​ជាប់​សម្ដែង​ក្នុង​រឿង “គំនុំ​អតីតជាតិ” ដែល​បាន និង​កំពុង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ CTN​៕

ប្រភព:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម