២០១៥​​​ឆ្នាំរបស់​ឆាយ វីរៈយុទ្ធ និង ខេម ឡើង​​ដល់​កំពូល​?

 
 

ឆ្លង​កាត់​សមរភូមិ​សិល្បៈ​ច្រើន​ឆ្នាំ​រៀង​ខ្លួន ឥឡូវ​នេះ​លោក ឆាយ វីរៈយុទ្ធ ដែល​ឈរ​ជើង​នៅ​សាន់ដេ និង​តារា​ចម្រៀង​ស្អក​លោក ខេម នៅ​ផលិតកម្ម ថោន ត្រូវ​បាន​គេ​លើក​តម្កើង​ថា ជា​តារា​ស្ដេច​ត្រាញ់​ក្នុង​ទ្រនំ​រៀង​ខ្លួន បើ​ទោះ​ទ្រនំ​នីមួយៗ​មាន​តារា​ចម្រៀង​មាន​សក្ដានុពល​រៀង​ខ្លួន​ក៏​ដោយ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​តារា​ចម្រៀង​ទាំង​ពីរ​បាន​បញ្ចេញ​បទ​រៀង​ខ្លួន​ចាក់​ដល់​បេះដូង​អ្នក​ស្ដាប់ ជា​បន្ត​បន្ទាប់​រយៈ​កាល​ចុង​ក្រោយ​នេះ ខណៈ​តារា​ជើង​ខ្លាំង​ផ្សេង​ៗ​ទៀត ស្ថិត​នៅ​ក្នុង​សភាព​ស្ងប់​ស្ងាត់។

លោក ឆាយ វីរៈយុទ្ធ មាន​បទ “បង​ពី​មុន​ឆ្កួត​បាត់​ហើយ” “នឹក​អូន​បង​ឆ្អែត​បាយ” “ចាំ​គេ​ចេះ​ក្បត់​អូន” និង​បទ “មនុស្ស​ល្អ​របស់​បង​អើយ” ជា​ដើម។ ឯ​លោក ខេម មាន​បទ “ថ្ងៃ​ស្អែក​អូន​ការ” “ខ្ញុំ​ខ្លាច​ហើយ​លុយ” និង​បទ “បែក​ពី​អូន​បង​មាន​លុយ​ចាយ​ជាង​មុន” ជា​ដើម។

លោក ច័ន្ទ សុវិទ្យា វ័យ ២០ និស្សិត​អក្សរ​សាស្ត្រ​អង់គ្លេស​ឆ្នាំ​ទី​២ ថ្លែង​ថា “បើ​ថា​ខ្ញុំ​ជា Fan បង​ យុទ្ធ ក៏​ថា​បាន ប៉ុន្តែ​កាល​ពី​មុន​ខ្ញុំ​ក៏​ជា​អ្នក​ស្ដាប់​បទ​បង​សុវត្ថិ ដែរ​តើ។ សំឡេង​គាត់​បើ​ច្រៀង​បទ​អា​របៀប​ត្អូញត្អែរ គឺ​លេខ​១​តា​ហ្មង​បង…ហើយ​បទ​គាត់​ចុង​ក្រោយ​ៗ គឺ​បែប​ហ្នឹង…គាត់​អាច​ឡើង​ជាង​ហ្នឹង​ទៀត​បើ​តាម​ខ្ញុំ​គិត”។

“ខ្ញុំ​ចូល​ចិត្ត​សំឡេង​របស់​គាត់​គាត់​ណាស់ គាត់​ពិត​ជា​ច្រៀង​ពីរោះ​មែន​ទែន!” ឆ្លើយ​តប​យ៉ាង​ខ្លី​ពី​កញ្ញា រស្មី និស្សិត​នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ។

វិល​មក សត្យា អ្នក​គាំទ្រ​លោក ខេម វិញ​ថ្លែង​ថា “អ្នក​ណា​មិន​ដឹង​ទេ តែ​ខ្ញុំ​ដឹង​តែ​បង ខេម ហើយ…និយាយ​ការ​ពិត ពី​មុន​ៗ​ខ្ញុំ​ក៏​អត់​សូវ​ស្ដាប់​បទ​គាត់​ដែរ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ៗ​ហ្នឹង បទ​គាត់​ពីរោះៗ​ដល់​ក​ហើយ ទាំង​ខ្ញុំ​ទាំង​មិត្តភ័ក្ដិ​ខ្ញុំ​ស្ដាប់​តែ​ទាំង​អស់​គ្នា​ហ្នឹង​។ ក្នុង​ចំណោម​យុវវ័យ ខ្ញុំ​ហ៊ាន​ធានា ថា​គាត់​ជាប់​លេខ​១​ហ្មង!”។

អ្នក​គាំទ្រ​ម្នាក់​ទៀត​របស់​លោក ខេម គឺ​លោក បញ្ញា​រិទ្ធ ថ្លែង​ថា “អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​គឺ​សំឡេង គាត់​ស្អក​មែន តែ​ស្អក​ពីរោះ​យក​តែ​មែន​ទែន បទ​ញាក់​មិន​ដឹង​ទេ តែ​បើ​មនោសញ្ចេតនា​ស្នេហា​ត្អូញត្អែរ សុំ​ចិត្ត​ហើយ! បើ​យើង​ពូ​កែ​ដាក់​មនោសញ្ចេតនា​តាម​បទ​ចម្រៀង​ទៀត​ណា៎ ស្ដាប់​ហើយ​ចង់​យំ ពិសេស​បទ “ថ្ងៃ​ស្អែក​អូន​ការ” ជា​ដើម”។

ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​ទាំង​ពីរ​ដួង​នេះ អ្នក​ជំនាញ​ខាង​តន្ត្រី​ម្នាក់​បាន​ពោល​សរសើរ​ដូច​គ្នា។ លោក ថា “ឆាយ វីរៈយុទ្ធ គាត់​មាន​សំឡេង​ល្អ ហើយ​ចេះ​ថែ​រក្សា​សំឡេង មួយ​ទៀត គាត់​ពូកែ​លើក​ដាក់​សំឡេង។ យោង​តាម​ស្ថាន​ភាព​នេះ ខ្ញុំ​ហ៊ាន​និយាយ​ថា គាត់​អាច​ឈាន​ទៅ​ឈរ​លេខ​១​បាន”។

ពាក់​ព័ន្ធ​នឹង​លោក ខេម សាស្ត្រាចារ្យ​តន្ត្រី​រូប​នេះ ថ្លែង​ដែរ​ថា ” ខេម គាត់​ក៏​មាន​សំឡេង​ល្អ​មួយ​បែប​របស់​គាត់ វា​ដូច​ជា​កាល​ពី​សម័យ​មុន​មាន​លោក ហួរ ឡាវី អីចឹង តែ​ឥឡូវ​មាន​គាត់ គេ​ហៅ​ថា សំឡេង​ស្អក​ពីរោះ​ហ្នឹង​ឯង!”។

ក្រៅ​តែ​ពី​ទទួល​ស្គាល់​លើ​សក្ដានុពល​សំឡេង លោក ឆាយ វីរៈយុទ្ធ និង​លោក ខេម នៅ​ទទួល​បាន​ការ​កោតសរសើរ​លើ​ចំណុច​ផ្សេង​ទៀត​មាន​ដូច​ជា​អត្តចរិត និង​ការ​ស្លៀក​ពាក់​ជា​ដើម។


“បង ឆាយ វីរយៈ​យុទ្ធ ខ្ញុំ​ស្រឡាញ់​ការ​រៀប​ចំ​ខ្លួន និង​ចរិត​ឫកពារ​គាត់ មើល​ទៅ​ថ្លៃ​ថ្នូរ តារា​ខ្លះ​ល្បី​ដែរ ប៉ុន្តែ​ធ្វើ​ខ្លួន​ដូច​ឈ្លើយ​ភ្លាវ​ទៅ​វិញ។ ឯ​បង ខេម ការ​ស្លៀក​ពាក់ ឡូយ​ម្យ៉ាង​បែប​យុវវ័យ។ ខ្ញុំ​ធ្លាប់​ទៅ​មើល​គាត់​ច្រៀង​នៅ​អប្សរា​ដែរ​តើ គាត់​គួរ​ឲ្យ​ចូល​ចិត្ត​ណាស់!”។ មិនា បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​ឯកជន​មួយ៕

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម