ខេមរៈ ស្រីពៅ បងប្រុស​បង្កើត​ចេញ​មុខ​ការពារ

 
 

ភ្នំពេញៈ ខណៈ​តារាចម្រៀង​ស្រីៗ​ដែល​ចូល​មក​ជ្រក​នៅ​ទ្រនំ​សាន់ដេ​កាន់តែ​ច្រើន​នោះ ស្រាប់តែ​តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ ដែល​ធ្លាប់​តែ​មាន​សន្ទុះ​លោត​ខ្លាំង អម​ប្រជាប្រិយភាព​បងប្រុស លោក ខេមរៈ សេរីមន្ត នោះ បែរ​ជា​ស្ងាត់​ដូច​ចោរ​លួច​សេះ​ទៅវិញ។
ការ​អាក់ខាន​សកម្មភាព​សិល្បៈ មិន​មាន​បទថ្មី​ចេញ​លក់​នៅលើ​ទីផ្សារ​នោះ មិនមែន​ទើប​តែ​កើត​មាន​នៅពេល​ថ្មីៗ​ចុងក្រោយ​នេះ​ទេ ពោល​គឺ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​កើត​មាន​ចំពោះ​តារាចម្រៀង​ប្អូនស្រី​កវីនិពន្ធ​លោក ខេមរៈ ភារុណ និង លោក ខេមរៈ សេរីមន្ត តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣ ម្ល៉េះ ដែល​ភ្លាមៗ​នោះ​ក៏​មាន​លេច​ដំណឹង​ដ៏រសើប​ថា តារាចម្រៀង​រាង​ខ្ពស់​ស្រឡះ​នាង ខេមរៈ ស្រីពៅ បាន​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយ​បុរស​អាណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក និង​ត្រូវ​បាន​គូដណ្តឹង​សំណូមពរ​ឲ្យ ស្រីពៅ លាឈប់​ពី​សិល្បៈ​។ ប៉ុន្តែ​ដំណឹង​ដ៏រសើប​នេះ មិន​ត្រូវ​បាន​បងប្រុស​ទាំង​ពីរ​ទទួល​ស្គាល់​នោះ​ទេ ហើយ​ពួកគេ​ថែម​ទាំង​ស្តីបន្ទោស​ឲ្យ​អ្នក​ដែល​ប្រឌិត​ដំណឹង​នោះ​ថា ជា​ចេតនា​ប្រឌិត​ដើម្បី​បង្កាច់បង្ខូច​កិត្តិយស​នាង​ទៀត​ផង​។
យ៉ាងណា​ពេលវេលា​មក​ទល់​នឹង​ពេល​នេះ រំកិល​ផុត​ជិត​មួយ​ឆ្នាំ​ហើយ ហើយ​នៅក្នុង​ទ្រនំ​សាន់ដេ តារាចម្រៀង​ស្រីៗ ដែល​ជា​អ្នក​ចំណូល​ថ្មី ពួកគេ​បែរ​ជា​មាន​បទចម្រៀង​ចេញ​លក់​នៅលើ​ទីផ្សារ​ជាហូរហែ ចំណែកឯ ស្រីពៅ ដែល​ជា​តារាចម្រៀង​បង្គោល​ដ៏រឹងមាំ​ម្នាក់​ដែរ​នៅ​សាន់ដេ និង​មាន​បងប្រុស​ជា​អ្នក​និពន្ធ​ឆ្នើម​ស្រាប់​នោះ បែរ​ជា​នៅ​តែ​មិន​មាន​បទចម្រៀង​ថ្មី​ចេញ ដែល​ធ្វើឲ្យ​មហាជន​រឹតតែ​មាន​ការ​ងឿងឆ្ងល់ និង​នាំគ្នា​គិត​ដល់​ដំណឹង​ដែល​ល្បី​ថា​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ជា​ការពិត​។
តប​នូវ​ភាព​ស្ងប់ស្ងាត់​នោះ ក៏​មាន​ប្រភព​ពី​បុគ្គលិក​របស់​ផលិតកម្ម​សាន់ដេ​បាន​បង្ហើប​ថា ខេមរៈ ស្រីពៅ ហាក់​ព្រងើយ​កន្តើយ​មិន​រវល់ យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ច្រៀង ឬ​ហ្វឹកហាត់​បញ្ចេញ​ក្បាច់​រាំ​ថ្មីៗ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ចម្រៀង​ឡើយ។
ប្រភព​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា «ផ្ទុយ​ទៅវិញ នាង​បែរ​ជា​សម្ងំពួន​លាក់​អាត្មា ហើយ​បើ​តាម​សង្កេត បងប្រុស​របស់​នាង លោក ខេមរៈ ភារុណ ដែល​ជា​អ្នកនិពន្ធ​នោះ ក៏​មិន​អើពើ​នឹង​និពន្ធ​បទចម្រៀង​ឲ្យ​ប្អូនស្រី​ដែរ។ តែ​ឮ​គេ​ចង់​ឲ្យ​ប្អូន​ស្រី​គិត​រឿង​សិក្សា​ជា​ការ​សំខាន់​»។
បំភ្លឺ​ជុំវិញ​ដំណឹង​ដ៏រសើប​នេះ ខេមរៈ ស្រីពៅ មិន​អាច​ទាក់ទង​បាន​ទេ​។ ប៉ុន្តែ​បងប្រុស​តារាចម្រៀង​រូប​នេះ និង​ជា​អ្នកនិពន្ធ​ប្រចាំ​នៅ​ផលិតកម្ម​សាន់ដេ​ដ៏ល្បី​ផង​នោះ បាន​បដិសេធ​ដំណឹង​ភ្ជាប់ពាក្យ និង​ការ​ដកខ្លួន​ពី​សិល្បៈ​ដោយ ថា ជាប់ដៃ​ការ​សិក្សា។
លោក ភារុណ ប្រាប់​ថា​៖ «ដោយ​ពេល​នេះ ផលិតកម្ម​មាន​តារាចម្រៀង​ច្រើន ពិតជា​មាន​ភាព​យឺតយ៉ាវ​បន្តិច​មែន​ក្នុង​ការ​ចេញ​បទ​សម្រាប់​តារាចម្រៀង ប៉ុន្តែ​ភាព​យឺតយ៉ាវ​នោះ​មិនមែន​តែ ស្រីពៅ ប្អូនខ្ញុំ​ទេ មាន​គ្រប់​តែ​តារាចម្រៀង​»។
លោក​បាន​បន្ត​ថា៖ «ស្រីពៅ នៅ​មួយ​ខែ​មុន​នេះ ទើប​តែ​ចេញ​វ៉ុល​ពិសេស​ជាមួយ សេរីមន្ត ហើយ​ផលិតកម្ម​ក៏​សម្រិតសម្រាំង​បទ​ថ្មីៗ និង​ល្អៗ សម្រាប់​ចេញ​ក្នុង​វ៉ុល​បុណ្យ​ភ្ជុំ និង​សម្រាប់​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ផង​ដែរ​»៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
20140827_20a-small

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម